(ភ្នំពេញ)៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្ស ថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកក្របាទក្រហមកម្ពុជា ជូនលោកបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដល់គេហដ្ឋានស្ថិតនៅសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចលោក លោកស្រីដែលជាថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកបណ្ឌិតសភាចារ្យ ស៊ន សំណាង និងក្រុមគ្រួសារផងដែរ។

លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង បានថ្លែងថា៖ «ខ្ញុំបាទនិងក្រុមគ្រួសារពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ខ្ញុំបាទសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈលោក ចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំបាទដល់លំនៅដ្ឋាន»។

នាឱកាសនោះលោកបណ្ឌិត ស៊ន សំណាង បានបន្តថា លោកពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីសម្តេចតេជោហ៊ុន សែន ហើយតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

លោកបណ្ឌិតសភាចារ្យក៏បានបញ្ជាក់ពីការគាំទ្រនិងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានដាក់ចេញនិងកំណត់នូវចក្ខុវិស័យ ផែនការ យុទ្ធសាស្រ្តច្បាស់លាស់ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។

លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង ក៏បានផ្តល់ទស្សនទានជូនយុវជនគណបក្ស ដូចខាងក្រោម៖

*ទី១៖ ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា វប្បធម៌កតញ្ញូបានជួយឱ្យសង្គមខ្មែររីកចម្រើនរយៈពេល៤សតវត្សរ៍ ព្រោះវប្បធម៌កតញ្ញូនេះ នាំឱ្យមានសុខដុមរមនា រវាងអ្នកជំនាន់មុន និងអ្នកបន្តវេន
*ទី២៖ ផែនការយុទ្ធសាស្រ្តមានសារៈសំខាន់ណាស់ សម្រាប់ការបំពេញការងារ និងជីវិតផ្ទាល់ខ្លួន
*ទី៣៖ ការគ្រប់គ្រងវេលាដើម្បីប្រើពេលវេលាឱ្យមានប្រសិទ្ធភាពផង និងការបែងចែកពេលវេលាសម្រាប់ដាំបាយឆ្នាំងធំ (ជីវិតការងារ) និងដាំបាយឆ្នាំតូច(ជីវិតផ្ទាល់ខ្លួន ឬការសិក្សារៀនសូត្រ) ឱ្យបានសមស្របផង។

លោកបណ្ឌិតក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលលោកធ្លាប់បានឆ្លងកាត់ តាំងពីរការសិក្សា និងការបំពេញការងារជូនជាតិមាតុភូមិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។ លោកជាអ្នកសិក្សា ស្រាវជ្រាវ និងបង្រៀនជំនាញប្រវត្តិវិទ្យា ជានិស្សិតថ្នាក់សញ្ញាបត្រជាន់ខ្ពស់ ជំនាញប្រវត្តិវិទ្យា បណ្ឌិតប្រវត្តិវិទ្យា សាកលវិទ្យាល័យប៉ារីស៧ ប្រទេសបារាំង។ ប្រធានផ្នែកប្រវត្តិវិទ្យា និងសាស្ត្រាចារ្យសាលាគរុវិជ្ជាជាន់ខ្ពស់ ប្រធានផ្នែក ប្រវត្តិវិទ្យា និងសាស្ត្រាចារ្យ សាលាគរុវិជ្ជាជាន់ខ្ពស់ភ្នំពេញ។ ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា និងសាស្ត្រាចារ្យ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប្រធានរាជបណ្ឌិតសភាកម្ពុជា និងសាស្ត្រាចារ្យប្រវត្តិវិទ្យា។ បណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និស្សិតកម្រិតបណ្ឌិតនៅរាជបណ្ឌិតសភាកម្ពុជា។

បច្ចុប្បន្ន៖ បណ្តុះបណ្តាលនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ នឹងនិស្សិតបណ្ឌិត នៅវិទ្យាស្ថានអុីនធឺរេដ (វិទ្យាស្ថានអប់រំអន្តរជាតិ)។