(ភ្នំពេញ)៖ យ៉ាងហោចណាស់ជនជាតិបរទេសចំនួន៥៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ជួយសង្គ្រោះបានដោយជោគជ័យពីហេតុការណ៍ចាប់ជំរិត ដោយជនជាតិបរទេសដូចគ្នា ខណៈមេក្លោងជនជាតិបង់ក្លាដេសចំនួន២នាក់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនក្នុងប្រតិបត្តិការនោះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍, នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន២ទីតាំង នៅខណ្ឌដូនពេញ ដែលជាទីតាំងសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ដោយអនុវត្តតាមបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះពីជនជាតិបង់ក្លាដេស កាលពីដើមសប្ដាហ៍កន្លងទៅនេះ។

ដោយអនុវត្តតាមបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះពីជនជាតិបង់ក្លាដេស កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនបរទេសចំនួន៥៨នាក់ ចំនួន២ទីតាំងក្នុង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្នុងនោះជនបរទេស ៥៦នាក់ ជាជនរងគ្រោះ និងជនបរទេសបង់កា្លដេស ២នាក់ សង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់។

ជនបរទេសដែលជាជនរងគ្រោះ ៥៦នាក់ នោះមាន៣សញ្ជាតិ (បង់ក្លាដេស ៥១នាក់, ឥណ្ឌា ៤នាក់ និងស្រីលង្កា ១នាក់) ដោយត្រូវបានមេខ្សល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដោយឡែកសម្រាប់អ្នកមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី។

បច្ចុប្បន្នជនបរទេសដែលរងគ្រោះទាំង៥៦នាក់ ដោយមានការសម្របសម្រួលពីក្រសួងសង្គមកិច្ច បានប្រគល់ឲ្យអង្គការ ការីតាសកម្ពុជា-ខេត្តកណ្តាល។ ចំពោះជនជាតិបង់ក្លាដេស ២នាក់ ដែលសង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ដោយមានគោលដៅ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យជាជនបរទេស ៤នាក់ទៀត ដែលបានរត់គេចខ្លួនដើម្បីយកមកអនុវត្តតាមនីតិវិធី៕