(ពោធិ៍សាត់)៖ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ កម្លាំងចម្រុះបានសហការឃាត់រថយន្តវេអង១គ្រឿង ដឹកដំឡូងពេញ ហើយពេលឆែកឆេរឃើញសុទ្ធតែសន្លឹកឈើ ដែលមានមុខកាត់ធំៗ និងមានប្រវែង(វែង)បង្កប់ពីខាងក្រោម។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងទៀតថា រថយន្តដឹកដំឡូងបង្កប់ឈើត្រូវបានបង្រ្កាប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-1880 នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចស្ពានដំណាក់ឈើក្រំ ទល់មុខ (ផ្នែករដ្ឋបាលព្រៃឈើក្រវាញ) ស្ថិតនៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

យោងតាមកំណត់ហេតុ បានឱ្យដឹងទៀតថា ឈើបង្កប់ក្នុងដំឡូង មានចំនួន០៣សន្លឹក ជាប្រភេទ ឈើក្រៅលំដាប់ថ្នាក់(ឆ្ពុង) សន្លឹកទី១ មានមុខកាត់ទំហំ២,០០ម៉ែត្រ កម្រាស់០,២៨ម៉ែត្រ ប្រវែង៨,៥០ម៉ែត្រ ស្មើនឹងចំនួន ៤,៧៦០ម៉ែត្រត្រីគុណ, សន្លឹកទី២ មានមុខកាត់ទំហំ១,២០ ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ប្រវែង៦,០០ម៉ែត្រ ស្មើនឹងចំនួន ១,០៨០ម៉ែត្រត្រីគុណ និងសន្លឹកទី៣ មានមុខកាត់ទំហំ១,១០ម៉ែត្រ កម្រាស់០,២២ម៉ែត្រ ប្រវែង៨,០០ម៉ែត្រ ស្មើ នឹងចំនួន១,៩៣៦ម៉ែត្រត្រីគុណ សរុបចំនួន៧,៧៧៦ម៉ែត្រត្រីគុណ។

សេចក្ដីរាយការណ៍ ពីក្រុមសមត្ថកិច្ចដដែល បានបញ្ជាក់ទៀតថា បច្ចុប្បន្នវត្ថុតាង រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ដឹកដំឡូងបង្កប់ឈើខាងលើ សមត្ថកិច្ចបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ ដើម្បីបន្តនីតិវិធី៕