(ដាវ៉ូស, ស្វីស)៖ ក្រុមហ៊ុន Wilmar International Group ដែលជាក្រុមហ៊ុនកសិកម្មឈានមុខនៅ​អាស៊ី ប្រកាសស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅនៅក្នុងប្រទេសកម្ពុជា។

បំណងនេះត្រូវបានលើកបង្ហាញដោយលោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្នុងជំនួបនោះលោកប្រធានអគ្គនាយក Kuok Khoon Hong បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោកប្រធានអគ្គនាយក បានជម្រាបសម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ​លើវិស័យ​កសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការ​ដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយចំពោះជំនួបជាមួយលោកប្រធានអគ្គ​នា​យក។ សម្តេចធិបតី ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យ​កសិកម្មនៅ​កម្ពុជា ដែលជាវិស័យមួយប្រកបដោយសក្តានុពល និងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បង ក្នុងវិស័យកសិកម្ម និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី។ សព្វថ្ងៃក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ហើយក្រុមហ៊ុនមានបច្ចេក​ទេស​ខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និងការចែកចាយ​យ៉ាង​ទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេងធញ្ញជាតិ ម្សៅ និងស្ករជាដើម៕