(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារ យុវជនគណបក្ស បានអញ្ជើញជា គណៈអធិបតីប្រកាសទទួលស្គាល់ សកម្មជនយុវជនឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ចំនួន១២៥ នាក់។
នៅក្នុងឳកាសដ៏រីករាយ និងប្រកបសាមគ្គីភាពនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណចំពោះទឹកចិត្តនិងឆន្ទៈ របស់យុវជនដែលបានជ្រើសរើស និងគាំទ្រ ដល់ គណបក្សប្រជាជនកម្ពុជា ហើយបានចំណាយកម្លាំងកាយចិត្ត និងពេលវេលា បម្រើកិច្ចការបក្ស និងប្រជាពលរដ្ឋដែលនេះគឺជាការងារសំខាន់ ក្នុងការប្រើប្រាស់ កម្លាំងសរុបដើម្បីជំរុញការងារ ឲ្យបានរលូន និងជោគជ័យ។
លោកបណ្ឌិត បានកោតសរសើរដល់ ប្រធានក្រុមការងារចុះជួយឃុំអន្លង់រុន ដែលបានយកចិត្តទុកដាក់ដល់យុវជន ទាំងការផ្តល់ឳកាស និងលទ្ឋភាព មិនតែប៉ុណ្ណោះ លោក បណ្ឌិត បានអំពាវនាវដល់លោក លោកស្រី ជាប្រធានក្រុមការងារចុះជួយតាម បណ្តា ឃុំ សង្កាត់ មេត្តាថែរក្សាប្រើប្រាស់ និងផ្តល់លទ្ឋភាព ដល់សកម្មជនយុវជនឲ្យដូចភ្លៀងរលឹម។
លោកបណ្ឌិត បានលើកឡើងថា គណបក្សប្រជាជន បានបង្កើតតាំងពីឆ្នាំ១៩៥១ មានន័យថា គឺជាបក្សចាស់ទុំជាងគេ ទាំងបទពិសោធន៏ និងការងារនយោបាយ ហើយដែលយុវជនជំនាន់មុនៗ ចូលរួមរំដោះប្រទេសជាតិ បម្រើប្រជាជនបានបន្សល់នូវស្នាដៃដ៏មហិមា ដូចជា ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ ប្រជាពលរដ្ឋខ្មែរ និងនយោបាយ ឈ្នះឈ្នះ របស់សម្តេចប្រធាននាំឲ្យ ប្រទេសយើងមានសន្តិភាព បង្រួបបង្រួមជាតិ និងទឹកដី ក្នុងសាវតាខ្មែរ មិនដែលមានប្រមាណ ជាង៥០០ឆ្នាំ លើសពីនេះបក្ស យើងមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី ដែលបានដឹកនាំមានការរីកចំរើនយ៉ាងឆាប់រហ័សលើ គ្រប់វិស័យនិងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងមានភាពទទួលខុសត្រូវខ្ពស់ ជាពិសេសសម្តេច តែងតែគិតគូរដល់យុវជនគ្រប់កាលៈទេសៈ ដូច្នេះសុំឲ្យ យុវជនមានជំនឿចិត្ត និងក្តីសង្ឃឹម ទៅលើការដឹកនាំរបស់សម្តេចប្រធាន ក៏ដូចជា គណបក្សប្រជាជនកម្ពុជា៕