(កំពង់ចាម)៖ បំណងប្រាថ្នារបស់ប្រជាពលរដ្ឋដើម្បីទទួលបាននូវជីវភាពមួយដែលល្អប្រសើរ គឺជាបេសកកម្មចម្បងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានចាត់ទុកជាការងារអាទិភាព និងបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ។

នេះជាការលើកឡើងរបស់លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម តាងនាមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ និងសំណេះសំណាលជាមួយមន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម។

ទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលនូវបេសកកម្មយ៉ាងធ្ងន់ធ្ងរដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ហើយសម្តេចតែងតែផ្សព្វផ្សាយអំពីឧត្តមប្រយោជន៍ និងសក្តានុពលរបស់ប្រទេសជាតិ ក្នុងរាល់ជំនួបនិងវេទិកានានាលើឆាកអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគិន និងស្វែងរកជំនួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានណែនាំឱ្យសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តតាមដាន និងក្តាប់ឱ្យបាននូវការវិវត្តនានារបស់សង្គមជាតិ ស្ថានភាពនយោបាយ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការផ្សព្វផ្សាយដល់សាធារណជន ជាពិសេសក្តាប់ឱ្យបានបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការពិនិត្យ និងដោះស្រាយឱ្យទាន់ពេលវេលា។

តាមនាមសន្តិបណ្ឌិត នេត សាវឿន, លោក លី ធុជ បានថ្លែងអំណរគុណចំពោះសមាជិកក្រុមការងាររាជរដ្ឋាភិបាល ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្អប្រសើរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលការកសាងទំនាក់ទំនងនេះ ត្រូវតែធ្វើឡើងជាប្រចាំឱ្យមានស្និទ្ធស្នាល និងស្អាតស្អំ។ សមាជិកក្រុមការងារទាំងអស់ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងត្រូវចេះជួយគ្នាទៅវិញទៅមក ដោយត្រូវចាត់ទុកថា រាល់បញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋដែលទទួលបានហើយ ត្រូវតែមានដំណោះស្រាយដាច់ខាតសម្រាប់បម្រើផលប្រយោជន៍ដល់មូលដ្ឋាន៕