(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបទប្បញ្ញត្តិស្តីពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា (Consultation Workshop on "Draft of Regulations on Installation and Use of Rooftop Solar PV in Cambodia”)។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល, តំណាងអគ្គិសនីកម្ពុជា, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងបរិស្ថាន, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួង/ស្ថា ប័នរបស់រាជរដ្ឋាភិបាល, អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា UNDP អង្គការ សមាគមន៍ ជាតិ/អន្តរជាតិ, ដៃគូអភិវឌ្ឍនានានៅកម្ពុជា, ក្រុមហ៊ុនដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល និងតំណាងអ្នកប្រើប្រាស់អគ្គិសនី ជាច្រើនរូបទៀត នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

នាឱកាសនោះដែរ លោក យឹម វិសិដ្ឋ បានថ្លែងថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យត្រូវបានលើកទឹកចិត្តនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចនេះហើយ នៅឆ្នាំ២០១៨ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញបទប្បញ្ញត្តិ ដែលមានឈ្មោះថា លក្ខខណ្ឌទូទៅក្នុងការភ្ជាប់ប្រភពអគ្គិសនីពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទៅជាមួយប្រព័ន្ធអគ្គិសនី ឬជាមួយប្រព័ន្ធប្រើប្រាស់អគ្គិសនីដែលឋិតនៅក្នុងប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនីរបស់បណ្ដាញជាតិ ដែលបានអនុញ្ញាតឱ្យអ្នក ប្រើប្រាស់អគ្គិសនីធុនធំ-អ្នកប្រើប្រាស់តង់ស្យុងមធ្យម និងអ្នកប្រើប្រាស់អគ្គិសនីធុនដុំ-អ្នកប្រើប្រាស់តង់ស្យូងខ្ពស់អាចដំឡើង និងប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យនៅកម្ពុជា ហើយភ្ជាប់ជាមួយប្រព័ន្ធបណ្ដាញជាតិ។

លោកបានបន្តថា បទប្បញ្ញត្តិនេះ មានកំណត់លក្ខខណ្ឌសំខាន់ដូចជា៖ តម្រូវឱ្យមានការស្នើសុំការពិនិត្យ និងអនុញ្ញាតជាមុនពីអគ្គិសនីកម្ពុជា និងពីអ្នកកាន់អាជ្ញាបណ្ណឯកជន ត្រូវគោរពតាមស្តង់ដាបច្ចេកទេស និងសុវត្ថិភាព និងត្រូវបង់ថ្លៃ អគ្គិសនី ដែលមានថ្លៃ២ផ្នែក គឺថ្លៃអានុភាព-Capacity Charge និងថ្លៃថាមពល-Energy charge។

លោក យឹម វិសិដ្ឋ បានឱ្យដឹងថា នាពេលថ្មីៗនេះ ក្រសួងរ៉ែ និងថាមពល ដាក់ឱ្យប្រើប្រាស់នូវគោលការណ៍មួយដែលមានឈ្មោះថា «គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា» ដែលមានចក្ខុវិស័យលើកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ឱ្យបានច្បាស់លាស់ មានប្រសិទ្ធភាព មានតម្លាភាព ស្មើភាពគ្នា គណនេយ្យភាព និងសមធម៌។

លោកបានគូសបញ្ជាក់ថា គោលការណ៍នេះមានគោលបំណងទី១៖ ផ្ដល់ការអនុញ្ញាតឱ្យការដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ឱ្យអ្នកប្រើប្រាស់ទាំងឡាយណាដែលមិនមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ, ទី២៖ ចែករំលែកទំហំនៃការ អភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យដែលកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតា ឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីដែល មានបំណងបំពេញកាតព្វកិច្ចបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងទី៣៖ គ្រប់គ្រងការអនុញ្ញាត ការដំឡើង និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ឱ្យមានភាពច្បាស់លាស់មានប្រសិទ្ធភាព តម្លាភាព ស្មើភាពគ្នា គណនេយ្យភាព និងសមធម៌។

ផ្អែកតាមខ្លឹមសារនៃគោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល នៅកម្ពុជាបានកំណត់នូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា, អគ្គិសនីកម្ពុជា, អ្នកផ្គត់ផ្គង់អគ្គិសនី, អ្នកផ្តល់សេវាដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល និងអ្នកបើ ប្រាស់អគ្គិសនី។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះតួនាទីភារកិច្ចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា និងដើម្បីឆ្លើយតបចំពោះចក្ខុវិស័យ និងគោលបំណងខាងលើ អាជ្ញាធរអគ្គិសនីកម្ពុជាត្រូវរៀបចំឯកសារគតិយុត្តិមួយចំនួន មុននឹងឈាន ទៅអនុវត្តខ្លឹមសារនៃគោលការណ៍ដែលប្រកាសឱ្យប្រើដោយក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ន អាជ្ញាធរ អគ្គិសនីកម្ពុជាបានរៀបចំរួចរាល់នូវ សេចក្តីព្រាងបទប្បញ្ញត្តិស្តីពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ហើយបានធ្វើការផ្សព្វផ្សាយ និងដាក់ពីគ្រោះចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា, រដ្ឋបាលរាជធានី-ខេត្ត មន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត, អ្នកផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី, អង្គការជាតិ/អន្តរជាតិ, ដៃគូរអភិវឌ្ឍនានា, សមាគមន៍នានា, អ្នកប្រើប្រាស់អគ្គិសនី និងសាធារណជនទូទៅ តាមរយៈលិខិតផ្លូវការ ផ្សព្វផ្សាយជាទូទៅលើគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងរយៈពេលពិគ យោបល់នេះអាជ្ញាធរអគ្គិសនីកម្ពុជា បានទទួលការផ្ដល់យោបល់ផ្លូវការពីអគ្គិសនីកម្ពុជា, កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយភាពធន់ (CAPRED) និងសភាពណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា (EUROCHAM CAMBODIA)។

ខ្លឹមសារនៃសេចក្តីព្រាងបទប្បញ្ញត្តិស្តីពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ដែលបានរៀបចំរួចរាល់នឹងត្រូវធ្វើការពិនិត្យពិភាក្សា និងប្រមូលធាតុចូលនេះមានកំណត់អំពីគោលការណ៍ និងលក្ខខណ្ឌសំខាន់ៗដូចជា៖

ទី១៖ គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា

ទី២៖ ការផ្សព្វផ្សាយអំពីកូតា សម្រាប់ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលប្រចាំឆ្នាំ

ទី៣៖ នីតិវិធីសម្រាប់ការដាក់ពាក្យដើម្បីទទួលបានការអនុញ្ញាតឱ្យដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល និងការចេញលិខិតអនុញ្ញតដោយអាជ្ញាធរអគ្គិសនីកម្ពុជា

ទី៤៖ នីតិវិធីសម្រាប់ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល និងការចុះបញ្ជីនៃការដំឡើងជា ប្រព័ន្ធដំណើរការដោយអាជ្ញាធរអគ្គិសនីកម្ពុជា

ទី៥៖ លក្ខខណ្ឌ និងនីតិវិធីសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូលប្រភេទ១ ដែលគ្រោងភ្ជាប់ជាមួយប្រព័ន្ធបណ្តាញជាតិ

ទី៦៖ នីតិវិធីសម្រាប់ការផ្លាស់ប្ដូរ ទំហំនៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យមានស្រាប់

ទី៧៖ ការកំណត់សម្រាប់ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់ធុនធំ-អ្នកប្រើប្រាស់តង់ស្យុងមធ្យម និងអ្នកប្រើប្រាស់ដុំ-អ្នកប្រើប្រាស់ត ង់ស្យុងខ្ពស់មានស្រាប់ និងដែលបានទទួលការអនុញ្ញាតរួចហើយ ក្នុងក្របខណ្ឌនៃបទប្បញ្ញត្តិស្តីពីលក្ខខណ្ឌ ទូទៅក្នុងការភ្ជាប់ប្រភពអគ្គិសនីពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទៅជាមួយប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ឬជាមួយប្រព័ន្ធប្រើប្រាស់អគ្គិសនីដែលឋិតនៅក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់បណ្ដាញជាតិ

ទី៨៖ នីតិវិធីសម្រាប់ការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធ

ទី៩៖ នីតិវិធីសម្រាប់ការរុះរើប្រព័ន្ធចេញ

ទី១០៖ ការគណនាថ្លៃអគ្គិសនីសម្រាប់អ្នកបើ ប្រាស់ដែលដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយប្រព័ន្ធបណ្តាញជាតិ៕