(កំពង់ឆ្នាំង)៖ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មត្តេយ្យសហគន៍ សន្តិភាព ភូមិទឹកល្អក់ ដែលស្ថិតនៅភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការអប់ រំគឺជាមូលដ្ឋានស្នូលយ៉ាងសំខាន់សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។ ការអប់រំក្នុងកម្រិតមត្តេយ្យ មិនត្រឹមតែផ្តល់ឱ្យកុមារនូវកន្លែងសម្រាប់សិក្សារៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ ឱកាសឱ្យពួកគាត់ពង្រីក និងបញ្ចេញនូវគំនិតច្នៃប្រឌិត។ ការសាងសង់មតេ្តយ្យសហគមន៍ សន្តិភាព ទឹកល្អក់ គឺជាគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា និងសហគមន៍ភូមិទឹកល្អក់ ហើយទទួលបានការឧបត្តម្ភដោយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី។

លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា «ការអប់រំកម្រិតមត្តេយ្យសិក្សា មុននឹងឈានចូលដល់ថ្នាក់បឋមសិក្សា នឹងជួយបង្កើតនូវទម្លាប់អានសៀវភៅ ព្រមទាំងជួយកុមារឱ្យមានវិន័យល្អ សីលធ៌ម និងមានឥរិយាបថសមរម្យតាំងពីកុមារ និងអាចសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលមានកូនតូចៗ អាចមានពេលវេលាក្នុងការប្រកបរបរចិញ្ចឹមជីវិត»

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានឱ្យដឹងថា «ការចូលរួមក្នុងកិច្ចការសង្គមគឺជាការប្តេជ្ញាចិត្តមួយរបស់យើង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ ជាពិសេសក្នុងវិស័យអប់រំ។ ក្នុងនោះដែរឆ្នាំនេះក្រោមការផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា យើងបានឧបត្តម្ភក្នុងការសាងសង់និងបង្កើតមតេ្តយ្យសហគមន៍ សន្តិភាព ទឹកល្អក់នេះឡើង ដើម្បីអនុញ្ញាតឱ្យកុមារទាំងអស់ក្នុងសហគមន៍មានភាពងាយស្រួល និងអាចចូលសិក្សាបានគ្រប់ៗគ្នា»

បន្ថែមលើនេះ លោក អឿ សុធារ័ត្ន បានបន្ថែមផងដែរថា៖ «ស៊ីប៊ីស៊ី សង្ឃឹមយ៉ាងមុតមាំថា មតេ្តយ្យសហគមន៍នឹងក្លាយកន្លែងចាប់ផ្តើមដំបូងរបស់កុមារនៅក្នុងសហគមន៍ និងជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ដើម្បីផ្សារភ្ជាប់បន្តទៅកាន់កម្រិតសិក្សាកម្រិតបន្ទាប់នៅគ្រឹះស្ថានសិក្សារបស់រដ្ឋបន្តទៀត។ កុមារគឺជាទំពាំងស្នងឬស្សីដ៏សំខាន់សម្រាប់សង្គមជាតិយើង។ ស៊ីប៊ីស៊ី នឹងនៅតែបន្តប្តេជ្ញាចិត្ត ក្នុងការចូលរួមចំណែក ក្នុងកិច្ចសង្គមទាំងវិស័យអប់រំ វិស័យហិរញ្ញវត្ថុជាដើម»

ក្នុងពិធីសម្ពោធនេះ ក៏មានការចូលរួមពី ទីប្រឹក្សាអមគណៈកម្មាធិការបុណ្យជាតិនិងអន្តរជាតិ រដ្ឋបាលស្រុកកំពង់ត្រឡាច មន្ទីរអប់រំខេត្តកំពង់ឆ្នាំង នៃក្រសួងអប់រំ យុវជន និងកីឡា នាយកប្រតិបត្តិនិងសហការី របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ព្រមទាំងកុមារចំនួន៤០នាក់ ចាស់ព្រឹទ្ធាចារ្យ និងអាជ្ញាធរពាក់ព័ន្ធក្នុងសហគមន៍ផងដែរ ដែលអ្នកចូលរួមសរុប ១៥០នាក់។

គួរបញ្ជាក់ផងដែរ មតេ្តយ្យសហគមន៍ សន្តិភាព ភូមិទឹកល្អក់នេះ មានអគារមួយខ្នងពីរបន្ទប់ បំពាក់ដោយ សៀវភៅ សម្ភារៈសិក្សា តុកៅអី ក្តារខៀន បន្ទប់ទឹក កន្លែងលាងដៃនិងមានទីធ្លា និងសួនច្បារ សួនកម្សាន្ដធំទូលាយសម្រាប់កុមារ ដែលអាចអនុញ្ញាតឱ្យកុមារនៅក្នុងសហគមន៍ប្រហែល ៥០ នាក់បានចូលរៀន៕