(ដាវ៉ូស, ស្វីស)៖ ក្រុមហ៊ុន Shenzhen Power Solution ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកដ៏ធំមួយរបស់ចិន បានបង្ហាញបំណងវិនិយោគលើការផលិតឧបករណ៍អេឡិចត្រូនិកដើរដោយពន្លឺព្រះអាទិ្យនៅកម្ពុជា។
បំណងនេះត្រូវបានបង្ហាញដោយលោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ក្នុងជំនួបនោះ លោកស្រី Xia Li បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ជួបសម្តែងការគួរសម។ លោកស្រីអគ្គនាយិកា បានជម្រាបសម្តេចធិបតី អំពីផលិតផលរបស់ក្រុមហ៊ុន ដែលអាចជួយដល់ការកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅតាមតំបន់ជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនីច្រើនប្រភេទដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើនសម្រាប់ផាសុកភាព និងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយចំពោះជំនួបជាមួយលោកស្រីស្ថាបនិក និងអគ្គនាយិកាក្រុមហ៊ុន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលចាប់អារម្មណ៍លើគម្រូអាជីវកម្មប្រភេទថ្មីនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍនិងផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅទីក្រុងសុិនជិន ប្រទេសចិន៕