(ដាវ៉ូស, ស្វីស)៖ ក្រុមហ៊ុន Grab បានប្តេជ្ញាជួយជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ឱ្យជាប់ជាប្រចាំ។
ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងពេលលោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ក្នុងជំនួប លោក Anthony Tan បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ជួបសម្តែងការគួរសម។ លោក Anthony Tan បានជម្រាបសម្តេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Grab ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ សព្វថ្ងៃក្រុមហ៊ុន Grab មានវត្តមានអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយចំពោះជំនួបជាមួយលោកនាយកប្រតិបត្តិក្រុមហ៊ុន Grab និងបានអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យដឹកជញ្ជូន។ សម្តេចធិបតី បានលើកឡើងថា គម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងទាក់ទាញ និងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ជាពិសេសផ្នែកដឹកជញ្ជូន ឱ្យចូលមកក្នុងថ្នាលឌីជីថលរបស់ Grab ដែលកំពុងតែមានការអភិវឌ្ឍ និងទំនើបកម្មជាលំដាប់។
សម្តេចធិបតី បានគាំទ្រចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Grab ក្នុងការជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួនជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយមានទីស្នាក់ការកណ្តាល នៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Grab Holdings Ltd (Grab) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទចល័ត ដែលផ្តល់សេវាកម្មដឹកជញ្ជូនអាហារ និងការទូទាត់តាមប្រព័ន្ធឌីជីថល។ ក្រុមហ៊ុន Grab បានផ្តល់ដំណោះស្រាយឌីជីថល ដោយសម្រួលដល់ការទូទាត់ តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្មក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍៕