(ទីក្រុងដាវ៉ូស សហព័ន្ធស្វីស)៖ នាព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក លោក Matthew Stephenson ប្រធានផ្នែកវិនិយោគ និងសេវាកម្ម នៃវេទិកាសេដ្ឋកិច្ចពិភពលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលភាគីទាំងពីរបានជជែករំលឹកអំពីកិច្ចសហប្រតិបត្តិក្នុងការបង្កើតប្រព័ន្ធទិន្នន័យស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់សំដៅផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព (SD2) សហការរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅ អង្គការពាណិជ្ជកម្មពិភពលោក និងនៅកម្ពុជា។
នៅក្នុងជំនួបនេះ លោកស្រីរដ្ឋមន្ត្រី និងលោក Matthew ក៏បានពិភាក្សាអំពីកិច្ចគាំទ្ររបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដល់ការជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យមួយចំនួន រួមទាំងការរៀបចំវេទិកាកសិ-ចំណីអាហារក្នុងតំបន់ ឬទម្រង់ផ្សេងទៀតនៃព្រឹត្តិការណ៍ដែលប្រមូលផ្តុំតួអង្គទាំងអស់នៅក្នុងឧស្សាហកម្មកសិ-ចំណីអាហារ៕