(ដាវ៉ូស, ស្វីស)៖ លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com បានប្តេជ្ញានាំភ្ញៀវទេសចរឱ្យកាន់តែច្រើនថែមទៀត ចូលមកទស្សនាប្រទេសកម្ពុជា។
ការប្តេជ្ញានេះ បានធ្វើឡើងក្នុងពេលលោកស្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ នាទីក្រុងដាវ៉ូស ប្រទេសស្វីស។
ក្នុងជំនួបនោះលោកស្រី Jane Sun បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម។ លោកស្រី បានជម្រាបសម្តេចធិបតី អំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្មផ្តោតជាសំខាន់លើវិស័យទេសចរណ៍។
លោកស្រី ក៏បានបញ្ជាក់ផងដែរអំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកស្រីអគ្គនាយិកា និងសហការី និងបានបង្ហាញការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈកិច្ចសហការជាមួយបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលរាជរដ្ឋាភិបាល អាណត្តិទី៧ បាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា Trip.com គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយសម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។ អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជាសំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើមនៅកម្ពុជា តាមរយៈវេបសាយ Trip.com។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ៕