(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណៈមតិ (គ.ស.ព.ស) បានចេញមកច្រានចោលព័ត៌មានក្លែងក្លាយ ដែលកំពុងចែកចាយនៅតាមបណ្ដាញសង្គម ដោយតម្រូវឲ្យប្រជាពលរដ្ឋចុចលើតំណភ្ជាប់ (Link) ហើយមានឱកាសទទួលបានលុយចំនួន១០០០ដុល្លារ ពីសម្ដេចនាយករដ្ឋមន្ត្រីតាមរយៈក្រសួងសេដ្ឋកិច្ច។

តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋាន គ.ស.ព.ស «ករណីនេះ គឺជាព័ត៌មានក្លែងក្លាយ មិនមានការចុះឈ្មោះដើម្បីទទួលបានសាច់ប្រាក់នោះទេ។ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ និងកុំចុចលើលីងទាំងនេះឲ្យសោះ (ដូចក្នុងរូប)»។

ជាមួយគ្នានេះ ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអះអាងថា ប្រសិនបើប្រជាពលរដ្ឋចុចតំណភ្ជាប់ដែលបញ្ជូនដោយជនអនាមិកនោះ នឹងប្រើប្រាស់ដើម្បីទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះតែម្ដង។ ដូច្នេះសូមកុំចុចនូវអ្វីដែលទទួលបានពីជនអនាមិក ដើម្បីជៀសវាងបាត់បង់ទិន្នន័យ ឬឯកសារសំខាន់ផ្សេងៗ៕