(ដាវ៉ូស, ស្វីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រឱ្យក្រុមហ៊ុន HawkEye 360 Inc វិនិយោគលើបច្ចេកវិទ្យា​ព័ត៌មាន​លំហភូមិសាស្រ្តនៅកម្ពុជា។

ការប្រកាសគាំទ្រនេះធ្វើឡើងក្នុងពេលសម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យលោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្នុងជំនួបនោះ លោក John Serafini បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹក​អនុញាត​ឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក John Serafini បានជម្រាបសម្តេចធិបតីអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន HawkEye 360 Inc ចាប់តាំងពីពេលបង្កើតឡើង រហូតមកដល់ទទួលបានជោគជ័យដូចពេលបច្ចុប្បន្ន។ លោក​នាយក​​​ប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏បានជម្រាបសម្តេចធិបតី អំពីគម្រោង​វិនិយោគ​របស់​ក្រុមហ៊ុននៅកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution) ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះជំនួបជាមួយលោកនាយកប្រតិបត្តិក្រុមហ៊ុន។ សម្តេចធិបតី បានបង្ហាញភាពរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការចូលរួមសហការវិនិយោគជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក ដោយបានលើកទឹកចិត្ត​ឱ្យក្រុមហ៊ុនបន្តសិក្សាលទ្ធភាពនៅក្នុងការវិនិយោគលើបច្ចេកវិទ្យា​ព័ត៌មាន​លំហភូមិសាស្រ្តនេះ។

គួរបញ្ជាក់ថា HawkEye 360 គឺជាក្រុមហ៊ុនវិភាគទិន្នន័យប្រេកង់វិទ្យុ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥។ ក្រុមហ៊ុននេះ បានអភិវឌ្ឍបណ្តាញលើលំហអាកាស និងដំណោះស្រាយប្រេកង់វិទ្យុ ដើម្បីតាមដានការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕