(ដាវ៉ូស, ស្វីស)៖ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី Jane Sun នាយិកាប្រតិបត្តិក្រុមហ៊ុន Trip.com ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

សូមបញ្ជាក់ថា Trip.com Group Limited គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។

អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជាសំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើមនៅកម្ពុជា តាមរយៈវេបសាយ Trip.com។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នា​ក្នុង​ភាព​ជាដៃគូតាមរយៈប្រព័ន្ធឌីជីថលជាមួយ Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ៕