(កំពង់ឆ្នាំង)៖ លោកយាយម្នាក់អាយុជិត៧០ឆ្នាំម្នាក់ បច្ចុប្បន្នមានមុខរបរដើរទិញឬស្សីយកមកពុះធ្វើជាចង្កាក់តូចៗ សម្រាប់លក់ឲ្យអ្នកដោតត្រីឆ្អើរ បានប្រាក់កម្រៃបន្តិចបន្តួចសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ កាលពីព្រឹកថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០២៤ បានអះអាងប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា លោកយាយជាជនរងគ្រោះដែលត្រូវគេរំលោភយកដីធ្លីរបស់គាត់ជាច្រើនឆ្នាំមកហើយ។

ករណីនេះក៏មានការប្តឹងផ្ដល់គ្នានៅតុលាការ និងនៅរដ្ឋបាលខេត្តកំពង់ឆ្នាំងជាច្រើនលើកច្រើនសាររហូតមកដល់បច្ចុប្បន្ន និងលោកយាយបានប្ដឹងនៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឲ្យធ្វើការងារស្រាវជ្រាវស្នាមមេដៃ ដែលធ្វើឡើងដើម្បីយកដីរបស់លោកយាយ។

លទ្ធផល នៃការស្រាវជ្រាវរបស់នាយកដ្ឋានព្រហ្មទណ្ឌ ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ឱ្យចាត់ការបន្តនីតិវិធីតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បើគិតមកដល់ពេលនេះមានរយៈពេល ៤ខែហើយ រីឯចំណាត់ការយ៉ាងណានោះ លោកយាយពុំទាន់ទទួលបានដំណឹងនៅឡើយនោះទេ។

លោកយាយខាងលើនេះមានឈ្មោះ គឹម ហូយ អាយុ៦៧ឆ្នាំ មានទីលំនៅភូមិត្រពាំងអញ្ចាញ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នលោកយាយរស់នៅតែម្នាក់ឯង មិនមានប្ដី និងកូនចៅនោះទេ សព្វថ្ងៃនេះ លោកយាយបានសុំផ្ទះញាតិជិតខាងស្នាក់នៅជាបណ្ដោះអាសន្ន។ លោកយាយបានរៀបរាប់ឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងរ៉ាវទំនាស់ដីធ្លីខាងលើនេះ បច្ចុប្បន្នលោកយាយបានប្ដឹងផ្ដល់គ្នាជាមួយឈ្មោះ អេង ណារិន ភេទប្រុស ជាអតីតមន្ត្រីយោធា មានទីលំនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលជាអ្នករំលោភយកដីរបស់លោកយាយ ហើយលោកយាយបានប្ដឹងតែឈ្មោះ អេង ណារិន ម្នាក់តែប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធអ្នកផ្សេងនោះឡើយ ឯការប្ដឹងផ្ដល់នេះមានរយៈពេលជិត ៤ឆ្នាំមកហើយ តែបច្ចុប្បន្នឈ្មោះ អេង ណារិន បានស្លាប់ជាងមួយឆ្នាំមកហើយដែរ។

លោកយាយបានរៀបរាប់អំពីដំណើររឿងឲ្យដឹងថា ដីចម្ការ និងដីស្រែប្រាំងដែលត្រូវបានលោក អេង ណារិន រំលោភយកខាងលើនេះ មានទំហំជាងជាង៧ហិកតា ដែលក្រុមសាមគ្គីបានចែកឲ្យក្នុងក្រុមកាលនោះប្រជាពលរដ្ឋខ្លះ អត់យក ដោយសារតែទីនោះជាតំបន់ព្រៃលិចពិបាកក្នុងការកាប់គាស់ ក៏បានប្រគល់ដីនោះមកឲ្យឪពុករបស់លោកយាយដែលកាលណោះគាត់ជាប្រធានក្រុមសាមគ្គី។

រូបគាត់ និងឪពុក ក៏ប្រមូលយកទាំងអស់មកកាប់គាស់ ដើម្បីដាំសណ្ដែក និងព្រោះស្រូវ តាំងពីឆ្នាំ១៩៧៩មក។ ដីនេះបច្ចុប្បន្នស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ឯកាកាន់កាប់ដីទាំងអស់នេះដោយមានប្រជាពលរដ្ឋ ក្នុងភូមិ និងអាជ្ញាធរសង្កាត់បានដឹងឮតាំងពីដើមមក។

លុះក្រោយមកឈ្មោះ អេង ណារិន ដែលជាអតីតមន្ត្រីយោធា ក៏បានរំលោភបំពានយកដីរបស់លោកយាយ។ ពេលនោះលោកយាយក៏បានប្ដឹងមកចៅសង្កាត់ផ្ទាល់មាត់ និងប្តឹងជាលាយល័ក្ខអក្សរជាបន្តបន្ទាប់តែពុំមានដំណោះ ស្រាយនោះឡើយ។ ក្រោយមកលោកយាយក៏បានដាក់បណ្ដឹងចូលសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីសុំដីការរក្សាការពារដីនោះជាបណ្ដោះអាសន្ន។

នៅពេលតុលាការសម្រេចចេញដីការរក្សាការពារឲ្យលោកយាយហើយនោះ ភាគីលោក អេង ណារិន និងបក្ខពួកក៏បានដាក់ពាក្យប្ដឹងទៅតុលាការ ដោយសុំរំលត់ដីការរក្សាការពារនោះជាច្រើនលើក តែត្រូវបានចៅ ក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅតែរក្សាដីការរក្សាការពាររបស់លោកយាយ ចាត់ទុកជាបានការដដែល ទើបភាគីលោក អេង ណារិន និងបក្ខពួកដែលមានដើមបណ្ដឹងចំនួន៥នាក់ ក៏បានដាក់បណ្ដឹងទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ខណៈនោះលោក ឈួរ ច័ន្ទឌឿន ជាអភិបាលខេត្ត ក៏បានចេញលិខិតបង្គាប់ការមួយច្បាប់ រៀបចំសមាសភាពក្រុមចម្រុះចុះធ្វើការស្រាវជ្រាវលើទីតាំងដីទំនាស់ខាងលើនេះ ដែលមានលោក ស៊្រន សំឬទ្ធី អភិបា លរងខេត្តកំពង់ឆ្នាំង ជាប្រធានក្រុមការងារចម្រុះ។

បន្ទាប់ពីក្រុមចម្រុះខេត្ត បានចុះធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ចេញជាលទ្ធផលរួចរាល់ហើយនោះ ទើបភាគីលោក អេង ណារិន និងបក្ខពួកបានយករបាយការណ៍របស់ក្រុមចម្រុះខេត្ត ដែលមានភ្ជាប់ជាមួយនូវ ឯកសារពាក់ព័ន្ធនិងដីធ្លីខាងលើនេះ ក្នុងនោះក៏មានឯកសារមួយចំនួនដែលចុះហត្ថលេខាទទួលស្គាល់ត្រឹមតែលោកមេភូមិ ក៏ត្រូវបានមេធាវីលោក អេង ណារិន និងបក្ខពួកដាក់បញ្ចូលជាភស្តុ តាងប្ដឹងទៅសាលាឧទ្ធរណ៍ផងដែរ។

ជាលទ្ធផលរបស់សាលាឧទ្ធរណ៍ក៏បានចេញសាលដីកាសម្រេចដូចខាងក្រោម៖

*ទី១៖ ទទួលស្គាល់ពាក្យបណ្ដឹងជំទាស់ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ របស់មេធាវី ជា ណាបុប្ផារ័ត្នន៍ អ្នកតំណាងដោយអាណត្តិឲ្យកូនបំណុលឈ្មោះ អេង ណារិន គឺធ្វើឡើងត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់។

*ទី២៖ លើកចោលពាក្យបណ្ដឹងជំទាស់ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ របស់មេធាវី ជា ណាបុប្ផារ័ត្នន៍ តំណាងដោយអាណត្តិឲ្យឈ្មោះ អេង លាងចេង, ឈ្មោះ អេង លាងចាន់តារារ័ត្ន, ឈ្មោះ ឡុង នឿន, និងឈ្មោះ ជុំ នន ។

*ទី៣៖ លុបចោលដីកាសម្រេចអំពីពាក្យសុំតវ៉ាចំពោះដីកាសម្រេចរក្សាការពារលេខ១៥/២០២១ ចុះថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តកំពង់ឆ្នាំងជាអសារបង់។

លោកយាយបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចលើកចោលពាក្យបណ្ដឹងជំទាស់ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ របស់មេធាវី ជា ណាបុប្ផារ័ត្នន៍ តំណាងដោយអាណត្តិឲ្យឈ្មោះ អេង លាងចេង, អេង លាងច័ន្ទតារារ័ត្ន, ឡុង នឿន និងឈ្មោះ ជុំ នន ដែលអ្នកទាំង៤នាក់នេះ គឺជាអ្នករួមគំនិតជាមួយនឹងឈ្មោះ អេង ណារិន និងជាដើមបណ្ដឹង ប្តឹងលោកយាយ គឹម ហូយ ទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង និងប្ដឹងទៅតុលាការផងដែរ។

ក្រោយពីឃើញដីការសម្រេចរបស់សាលាឧទ្ធរណ៍ដូចខាងលើនេះ លោកយាយក៏បានសុំឱ្យមេធាវីដាក់ពាក្យស្នើសុំថតចម្លងឯកសារទាំងអស់របស់ភាគីលោក អេង ណារិន និងបក្ខពួកដែលមេធាវីបានដាក់បញ្ចូលជាភស្តុតាង នៅសាលាឧទ្ធរណ៍។

ក្រោយពីបានពិនិត្យទៅលើឯកសារទាំងអស់នោះរួចមក រកឃើញថា មានឯកសារមួយចំនួនសង្ស័យថាក្លែង និងឯកសារខ្លះទៀតមិនមែនជាស្នាមមេដៃរបស់ម្ចាស់គេ ដែលសាម៉ីខ្លួនគេបានធ្វើលិខិតបដិសេធមិនទទួលស្គាល់។ ឃើញដូចនេះទើបលោកយាយសម្រេចដាក់បណ្ដឹងទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំធ្វើកោសល្យវិច្ច័យស្នាមមេដៃ នឹងសុំឲ្យធ្វើការស្រាវជ្រាវទៅលើឯកសារមួយចំនួនទៀត ដែលសង្ស័យថាជាឯកសារក្លែង។

ក្រោយពីនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការពិនិត្យ និងធ្វើការស្រាវជ្រាវទៅលើឯកសារទាំងអស់ ទៅតាមបច្ចេកទេសរបស់មន្ត្រីជំនាញយ៉ាងយកចិត្តទុកដាក់រួចមក សេចក្តីសន្និដ្ឋានរបស់នាយ កដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លិខិតចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការសន្និដ្ឋាន និងសំណូមពរដូចខាងក្រោម៖ ផ្អែកតាមការស្រាវជ្រាវ ស្ដាប់ការបំភ្លឺរបស់ដើមបណ្ដឹ ង និងការបំភ្លឺរបស់ចុងបណ្ដឹង និងការបំភ្លឺរបស់អ្នកពាក់ព័ន្ធ។

នាយកដ្ឋានព្រហ្មទណ្ទក្រសួងមហាផ្ទៃ សន្និដ្ឋានបានថា ភាគីចុងបណ្ដឹង និងបក្ខពួក មានតម្រុយប្រព្រឹត្តបទល្មើសក្លែងបន្លំឯកសារ និងប្រើប្រាស់លិខិតក្លែង លិខិតបញ្ជាក់ព្រុំប្រទល់ដីចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលលិខិតសន្និដ្ឋានខាងលើនេះបានដាក់ជូនព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការទៅតាមនីតិវិធី។

លោកយាយបានបញ្ជាក់ទៀតថា ខណៈពេលដែលលោកយាយកំពុងដាក់បណ្ដឹងទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កូនស្រីបង្កើតរបស់លោក អេង ណារិន ឈ្មោះ អេង លាងច័ន្ទតារារ័ត្ម ក៏បានប្ដឹងលោ កយាយទៅកាន់តុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដោយប្តឹងចោទលោកយាយចំនួន៣បទចោទ៖

*ទី១៖ រំលោភបំពានកាន់កាប់អចលនវត្ថុដោយសុចរិត
*ទី២៖ ពីបទក្លែងឯកសារ
*ទី៣៖ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងសូមសំណូមពរឲ្យ ព្រះរាជអាជ្ញាចាត់ការលោកយាយដូចខាងក្រោម៖

*ទី១៖ ធ្វើការចោទប្រកាន់ និងចាប់ខ្លួនឈ្មោះ គឹម ហូយ ពីបទរំលោភបំពានកាន់កាប់អចលនវត្ថុដោយសុចរិត បទក្លែងឯកសារ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
*ទី២៖ ទាមទារឲ្យឈ្មោះ គឹម ហូយ សងសំណងជំងឺចិត្ត និងការខូចខាតពេលវេលាសេវាផ្នែកច្បាប់និងការចំ ណាយផ្សេងៗចំនួន ៥០,០០០ដុល្លារអាមេរិក។

លោកយាយបញ្ជាក់ថា ការប្តឹងចោទប្រកាន់របស់កូនស្រីលោក អេង ណារិន ដែលបានប្ដឹងលោកយាយទៅតុលាការខាងលើនេះ គឺមិនមានភស្តុតាងដាក់បន្ទុកនោះឡើយ។ លោកយាយក៏បានឆ្លើយប ដិសេធនៅចំពោះមុខ តុលាការរួចហើយដែរ ថាលោកយាយពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ និងបានស្នើសុំឲ្យតុលាការតម្កល់មិនចាត់ការរឿងនេះផងដែរ។

សូមបញ្ជាក់ថា ចំពោះឯកសារផ្ដិត មេដៃព្រុំដី ដែលចុះហត្ថលេខាទទួលស្គាល់ដោយលោក ញ៉េប លីវ មេភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នូវរាល់ឯកសារចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទាំងអស់ដែលបានបញ្ចូលទៅក្នុង របាយការណ៍របស់ក្រុមចម្រុះខេត្ត ហើយត្រូវបានមេធាវីភាគីលោក អេង ណារិន បានដាក់បញ្ចូលជាភស្តុតាងនៅសាលាឧទ្ធរណ៍កន្លងមក ត្រូវបានលោកមេភូមិទី៧ឈ្មោះ ញ៉េប លីវ ធ្វើលិខិតស្នើសុំបដិសេធ នៅចំពោះមុខ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣រួចហើយ និងបានឆ្លើយបដិសេធ មិនទទួលស្គាល់លិខិតទាំងអស់នោះ នៅចំពោះមុខក្រឡាបញ្ជីតុលាការខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ថែមទាំងបានសរសេរដោយផ្ទាល់ដៃរបស់លោក ដោយធ្វើការបដិសេធចំពោះឯកសារមានផ្ដិតស្នាមមេដៃទទួលស្គាល់ព្រំដី ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅចំពោះមុខ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២៣នោះរួចហើយដែរ។

ដោយឡែកចម្លើយនៅក្នុងតុលាការដែលបណ្ដាញព័ត៌មានរបស់យើងទទួលបានពីលោកយាយ គឹម ហូយ គឺមានដើមបណ្ដឹងចំនួន២នាក់ ក្នុងចំណោមដើមបណ្ដឹង៥នាក់ដែលប្ដឹងលោកយាយ គឹម ហូយ ជាបក្ខពួករបស់លោក អេង ណារិន គឺ៖១-ឈ្មោះ ជុំ នន, ២- ឈ្មោះ ឡុង នឿន។ ពួកគាត់ទាំងពីរនាក់សុទ្ធតែបានឆ្លើយបដិសេធដូចៗគ្នានៅចំពោះមុខតុលាការថា ចំពោះរឿងដែលឈ្មោះ អេង ណារិន ប្ដឹងផ្ដល់គ្នារឿងដីធ្លីជាមួយ ឈ្មោះលោកយាយ គឹម ហូយ ខាងលើនេះ គឺពួកគាត់ទាំងពីរនាក់មិនបានដឹងនោះទេ។ ដោយឡែកឈ្មោះ ជុំ នន បានឆ្លើយថា ទាំងការប្ដឹងផ្ដល់គ្នា និងការធ្វើឯកសារផ្សេងៗក្នុងរឿងខាងលើនេះគឺគាត់មិនបានដឹងទាំងអស់។

ចំណែកឈ្មោះ អេង លាងចេង ដែលមានឈ្មោះ និងមានស្នាមមេដៃក្នុងពាក្យបណ្ដឹងក្នុងចំណោម៥នាក់ និងមានស្នាមមេដៃផ្ដិតលើព្រុំដីដែរទទួលស្គាល់ដោយលោកមេភូមិខាងលើនេះ គាត់បានឆ្លើយបដិសេធនៅចំពោះ មុខតុលាការថា ចំពោះការប្ដឹងសុំលុបដីការសម្រេចរក្សាការពារ គឺឪពុករបស់គាត់ឈ្មោះ អេង ណារិន ជាអ្នកប្ដឹង និងជាអ្នករៀបចំឯកសារទាំងអស់ គាត់មិនបានដឹងនោះទេ ព្រោះគាត់ទៅរស់នៅខេត្តបាត់ដំបង តាំងពីឆ្នាំ២០០០។ ចំណែកលិខិតបញ្ជាក់ព្រុំប្រទល់ដី ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ចុះហត្ថលេខាទទួលស្គាល់ដោយលោកមេភូមិ ញ៉េប លីវ ក៏គាត់មិនដឹងថា អ្នកណាជាអ្នកធ្វើនោះទេ ហើយគាត់ក៏ពុំដែលឃើញឯកសារនោះដែរកន្លងមក។

នៅពេលដែលឃើញចម្លើយរបស់ដើមបណ្ដឹងមួយ ចំនួនក្នុងចំណោមដើមបណ្ដឹងទាំង៥នាក់ ដែលបានផ្ដិតមេដៃប្ដឹងលោកយាយហើយ បែរជាឆ្លើយបដិសេធថា ពួកខ្លួនមិនបានដឹងអំពីការប្ដឹងផ្ដល់គ្នារវាងលោក អេង ណារិន ជាមួយនឹងលោកយាយដូចខាងលើនេះ។

លោកយាយក៏បានស្នើសុំដល់ថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ពិសេសស្ថាប័នតុលាការសូមមេត្តាជួយពិនិត្យសំណុំរឿងខាងលើនេះ និងជួយពន្លឿននីតិវិធីដើម្បីផ្ដល់យុត្តិធម៌ជូនលោកយាយដោយក្តីអនុគ្រោះផង។ ព្រោះបច្ចុប្បន្ននេះលោកយាយមានវ័យកាន់តែចាស់ណាស់ទៅហើយ ម្យ៉ាងលោកយាយរស់នៅតែម្នាក់ឯង មិនមានកូនចៅជាទីពឹងនោះទេ ចំណែកទីជម្រកដែលលោកយាយជ្រកសព្វថ្ងៃ គឺលោកយាយសុំគេស្នាក់នៅ ជាបណ្ដោះអាសន្ន ដោយឡែករូបលោកយាយផ្ទាល់ ក៏មានជំងឺប្រចាំកាយជាច្រើនមុខ និងឈឺជាប្រចាំមួយថ្ងៃកាត់មួយថ្ងៃកោ៕