(ដាវ៉ូស, ស្វីស)៖ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងមានការរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ អង្គការនេះ ក៏បានសន្យាជួយគាំទ្រផ្នែកបច្ចេកទេស ដើម្បីឱ្យកម្ពុជាសម្រេចផែនការសេដ្ឋកិច្ចក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Mathias Cormann អគ្គលេខាធិការអង្គការ OECD ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ក្នុងជំនួបនោះ លោក Mathias Cormann បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកអគ្គលេខាធិការ ក៏បានធ្វើការបញ្ជាក់អំពីគោលជំហររបស់អង្គការ OECD ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រផ្នែកបចេ្ចកទេសក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
លោកអគ្គលេខាធិការអង្គការ OECD ក៏បានសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ចំពោះការដាក់ចេញគោលនយោបាយ និងការកំណត់ទិសដៅនានាក្នុងវិស័យសេដ្ឋកិច្ច និងបរិស្ថាន។ ក្នុងន័យនេះ លោកអគ្គលេខាធិការ បានបង្ហាញភាពជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជានឹងកាន់តែអភិវឌ្ឍន៍រីកចម្រើនលូតលាស់ និងឈានទៅសម្រេចបាន់នូវចក្ខុវិស័យ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយស្វាគមន៍ចំពោះជំនួបពិភាក្សាការងារជាមួយលោកអគ្គលេខាធិការអង្គការ OECD សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកថ្មីបន្ថែមទៀត។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអរគុណអង្គការ OECD ដែលបានជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពិនិត្យឡើងវិញអំពីគោលនយោបាយនានា រួមទាំងគោលនយោបាយពាណិជ្ជកម្ម និង គោលនយោបាយជាតិគាំពារសង្គមជាដើម។
ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីដំណើរការនៃការកសាង និងអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយឈានចេញពីប្រទេសក្រីក្រ ងើបពីគំនរផេះផង់នៃភ្លើងសង្គ្រាម មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមជាមួយចក្ខុវិស័យប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា អង្គការ OECD ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសសមាជិកចំនួន៣៨ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ អង្គការនេះត្រូវបានទទួលស្គាល់ថា ជាអ្នកបោះពុម្ពផ្សាយ ដែលមានឥទ្ធិពលខ្ពស់ នៃទិន្នន័យសេដ្ឋកិច្ចភាគច្រើន តាមរយៈការបោះពុម្ព ក៏ដូចជាការវាយតម្លៃប្រចាំឆ្នាំ និងចំណាត់ថ្នាក់របស់ប្រទេសជាសមាជិក៕