(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការបង្កើត «ក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកបាសាទបាគង។

ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បានកំណត់ថា ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។

សូមបញ្ជាក់ថា រុនតាឯក ជាភូមិសាស្ត្រមួយស្ថិតក្នុងស្រុកបន្ទាយស្រី។ ភូមិសាស្ត្រនេះ ត្រូវបានជ្រើសរើសជាភូមិឋានថ្មី សម្រាប់ប្រជាពលរដ្ឋ​ដែល​​ផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជា​សកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចសហការពីប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក​មាន​ចំនួន ៥,៨៦៥គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបាន​ចាក​ចេញ​​ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួន​គ្រួសារ​ដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវ​បណ្ណ​កម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ។

ដើម្បីកាត់បន្ថយនូវការ​លំបាកនានារបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងរៀបចំ​ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំឈូសឆាយ និងចាក់បំពេញ​ដីលំ​នៅ​ឋានតាមឡូតិ៍នីមួយៗជូនប្រជាពលរដ្ឋ (មួយគ្រួសារទទួលបានដី ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ) និងរៀប​ចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនមាន​ដូចជា​ផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្ត និងបណ្តាញ​លូ​​រំដោះទឹក ជាដើម។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏បាន​ណែ​នាំឱ្យសាងសង់​បណ្តាញអគ្គិសនី បណ្តាញ​ទឹកស្អាត និងបណ្តាញសេវាទូរស័ព្ទផងដែរ៕

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖