(កណ្ដាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានថ្លែងផ្តាំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាលទាំងអស់ ចាំបាច់ត្រូវចុះដល់មូលដ្ឋាន តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ និងដោះស្រាយបញ្ហាប្រឈមជូនពួកគាត់។

លោកថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ពេលអញ្ជើញជាអធិបតីក្នុង «ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល» នៅសាលាខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ត្រូវចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើការជាមួយគ្នាឲ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះឲ្យដល់មូលដ្ឋាន តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានពាំនាំការសួរសុខទុក្ខ នឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ លោកបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។

លោកអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្រុមការងាររាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ ត្រូវបន្តសហការជាមួយរដ្ឋបាលខេត្តក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធបន្តចុះមូលដ្ឋាន និងបន្តរៀបចំវេទិកាសាធារណៈ ឲ្យបានទៀងទាត់ ព្រមទាំងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ចំពោះសំណូមពរ និងបញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវបូកសរុប និងរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីបូកសរុប ឬចាត់វិធានការបន្តឲ្យបានឆាប់។

លោកអគ្គបណ្ឌិតសភាចារ្យ បានជំរុញឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសសកម្មភាពលួចឆក់ប្លន់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស ការជម្រិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសកម្មភាពក្មេងទំនើង -ល-។

លោកក៏បានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបរខ្នាតតូចរបស់ប្រជាពលរដ្ឋ ពិសេសត្រូវគិតគូរ និងលើកទឹកចិត្តដល់សហគ្រាសធនមីក្រូ តូច និងមធ្យម ក៏ដូចជាវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យចម្បងរបស់ខេត្ត សំដៅបង្កើនការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ននេះ។ ម្យ៉ាងទៀត ត្រូវខិតខំទាក់ទាញការវិនិយោគ និងការបណ្ដាក់ទុនប្រកបអាជីវកម្មនានា ពីគ្រប់ប្រភពស្របច្បាប់ទាំងឡាយព្រមទាំងខិតខំកៀរគរថវិកា និងជំនួយបច្ចេកទេសពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងសប្បុរសជននានា ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍ ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។

ជាមួយគ្នានេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលតែងតែដឹកនាំផុ្តល់នូវអនុសាសន៍ល្អៗ ក្នុងកិច្ចដំណើរការអភិវឌ្ឍមូលដ្ឋាន និងបានគាំទ្រទាំងស្មារតី សម្ភារ និងថវិកា ដល់រដ្ឋបាលខេត្តជាប់ជាប្រចាំ៕