(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នាថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាកាប្រកួតប្រជែងរវាងគណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងលំដាប់លេខរៀងទី១ ក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់គណកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាគណបក្ស កំពុងដឹកនាំ រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រត្តិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិនៅកម្ពុជា ដែលមានសមាជិកច្រើនលើសលប់ ទាំងនៅក្នុងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិកសភាតំណាងរាស្ត្រ ជាមួយគណបក្សរាជានិយមហ៊្វុនស៊ុនប៉ិច ដែលមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន១៩ និងតំណាងរាស្ត្រចំនួន៥ និងគណបក្សប្រឆាំងពីរទៀត គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ដែលសង្ឃឹមថានឹងបានទទួលបានមរតកពីសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ របស់គណបក្សភ្លើងទៀនចំនួន២១៩៨។

តើគណបក្សប្រឆាំងទាំងពីរនេះ អាចមានសង្ឃឹមថានឹងបានចូលរួមក្នុងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានកម្រិតណា ឬមួយត្រូវបរាជ័យទាំងស្រុង?
ព្រឹទ្ធសភានីតិកាលទី១ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ព្រឹទ្ធសភា គឺជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញកិច្ចការរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន (វាក្យខ័ណ្ឌទី១ មាត្រា ៩៩ថ្មី នៃរដ្ឋធម្មនុញ្ញ)។ ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាលដែលបញ្ញត្តិ ដោយមាត្រា១១២ ថ្មី នៃរដ្ឋធម្មនុញ្ញ។

ច្បាប់បោះឆ្នោតព្រឹទ្ធសភាបានកំណត់ថា ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើងរៀងរាល់៦ឆ្នាំម្តងនៅថ្ងៃអាទិត្យ សប្តាហ៍ទី៨ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា។ ព្រឹទ្ធសភា មានចំនួនសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកព្រឹទ្ធសភាចំនួន២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និងសមាជិកព្រឹទ្ធសភាឯទៀតត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល។

ថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។ ការបោះឆ្នោតនេះ ត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រ និងការបែងចែក អាសនៈតាមមណ្ឌល ត្រូវធ្វើតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដូចមានកំណត់ក្នុង មាត្រា១៣៥នៃច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

មណ្ឌលបោះឆ្នោត ត្រូវបែងចែកជា៨ភូមិភាគ៖ ភូមិភាគទី១ គឺរាជធានីភ្នំពេញ មាន៦អាសនៈ។ ភូមិភាគទី២ គឺខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨អាសនៈ។ ភូមិភាគទី៣ គឺខេត្តកណ្តាល មាន៥អាសនៈ។ ភូមិភាគទី៤ គឺខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០អាសនៈ។ ភូមិភាគទី៥ គឺខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧អាសនៈ។ ភូមិភាគទី៦ គឺខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧អាសនៈ។ ភូមិភាគទី៧ គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩អាសនៈ។ និងភូមិភាគទី៨ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦អាសនៈ។

អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែងដែលជាប់ឆ្នោតឆ្នាំ២០២៣ ដែលមានចំនួនសរុប ១២៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងដែលជាប់ឆ្នោតឆ្នាំ២០២២ ចំនួន ១១,៦២២នាក់។

ច្បាប់បោះឆ្នោតព្រឹទ្ធសភា ក៏បានកំណត់ថា អ្នកបោះឆ្នោត និងអង្គបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឈរឈ្មោះជាសមាជិកពេញសិទ្ធនៅភូមិភាគទី៣ និងឈរឈ្មោះជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ។

សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥នេះ មានគណបក្សចូលរួមចំនួន៤ ដែលចូលរួមការបោះឆ្នោតរួមមាន៖ គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១, គណបក្សឆន្ទៈខ្មែរ នៅលេខរៀងទី២ ដែលជាសម្ព័ន្ធភាពរបស់គណបក្សភ្លើងទៀន ដោយសារគណបក្សភ្លើងទៀន មិនមានឯកសារគ្រប់គ្រាន់តែមានអង្គបោះឆ្នោតជាង២ពាន់, គណបក្ស ហ៊្វុនស៊ិនប៉ិចនៅលេខរៀងទី៣ និងគណបក្សកម្លាំងជាតិ នៅលេខរៀងទី៤ ដែលជាគណបក្សប្រឆាំងថ្មី នៅក្នុងបញ្ជីផ្លូវការរបស់គណកម្មការជាតិរៀបចំការបោះឆ្នោត។

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០២៣កន្លងទៅ មានគណបក្ស៤ រួមមាន៖ គណបក្សភ្លើងទៀន, គណបក្សឆន្ទៈខ្មែរ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ដែលសុទ្ធតែជាគណបក្សមិនទាន់មានអាសន្ន នៅរដ្ឋសភានៅឡើយបានចងសម្ពន្ធជាមួយគ្នា។ ការបង្កើតសម្ព័ន្ធភាពនេះធ្វើឡើងខណៈពេលដែលគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងមួយដែលមិនអាចចូលរួមប្រកួតប្រជែងរាល់ការបោះឆ្នោតនានាបានដោយសារតែមិនមាន ឯកសារដើមនៃការចុះបញ្ជីគណបក្សរបស់ខ្លួននៅក្រសួងមហាផ្ទៃ។

ហើយនៅក្នុងសេចក្តីថ្លែងការណ៍រួមធ្វើឡើងក្រោយការប្រកាសបង្កើតសម្ព័ន្ធនយោបាយនេះថ្នាក់ដឹកនាំគណបក្សទាំង៤ បានលើកឡើងថា៖ «សម្ព័ន្ធភាព ឆ្ពោះទៅអនាគតនឹងក្លាយជាកម្លាំងចលករថ្មីមួយសម្រាប់ជាការជំរុញ និងលើកទឹកចិត្ត ព្រមទាំងជាជម្រើសរបស់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនាសម្រាប់ប្រជាជាតិខ្មែរទាំងមូលនាពេល អនាគត»

ក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ គណបក្សភ្លើងទៀន ខកខានមិនអាចចូលរួមឈរឈ្មោះបោះឆ្នោត បានដោយសារគ្មានឯកសារដើម បញ្ជាក់អំពីការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ ចំណែកគណបក្សកែទម្រង់កម្ពុជា បានពហិការមិនចូលរួមការបោះឆ្នោត។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចូលរួមការបោះឆ្នោតតែមិនអាចដណ្តើមបានអាសនៈតំណាងរាស្ត្រ នៅរដ្ឋសភា។ ដោយឡែកគណបក្សឆន្ទៈខ្មែរ ដែលត្រូវបានបង្កើតឡើងក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ហើយបានចូលរួមការបោះឆ្នោតសកល ឆ្នាំ២០១៨ តែមិនទទួលបានអាសន្ន តំណាងរាស្ត្រ ហើយបានចូលរួមបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២កន្លងទៅ ក៏មិនទទួលបានកៅអីក្រុមប្រឹក្សា។ ចំណែកក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣  កន្លងទៅគណបក្សនេះ មិនបានដាក់បញ្ជីរបេក្ខជនឈរឈ្មោះនៅក្នុងការបោះឆ្នោតនោះដែរ ដោយសារប្រធានគណបក្សបានសម្រេចលាលែងពីតំណែង និងដឹកនាំសមាជិកមួយចំនួន ទៅចូលរួមធ្វើនយោបាយ ជាមួយគណបក្សភ្លើងទៀន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែនៅរក្សាឈ្មោះគណបក្សក្នុងបញ្ជីរផ្លូវការរបស់ក្រសួងមហាផ្ទៃដដែល ហើយត្រូវបានជាប់គាំងជាមួយគណបក្សភ្លើងទៀនដែរ។

កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចដំណាលគ្នាឱ្យគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណបក្សប្រប្រឆាំងទាំងពីរ បានបង្កើនសកម្មភាពអូសទាញអង្គបោះឆ្នោតជាង២ពាន់ ដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សភ្លើងទៀន ខណៈគណបក្សឆន្ទៈខ្មែរ បានទទួលសិទ្ធជំនួសគណបក្សភ្លើងទៀន។

ក្រោយការសម្រេចរបស់ គ.ជ.ប គណបក្សភ្លើងទៀន ក៏បានចេញលិខិតប្រាប់ទៅក្រុមការងារគណបក្សថ្នាក់ក្រោមជាតិ ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងជាង២ពាន់នាក់ ដែលជាប់ឆ្នោតតាមរយៈគណបក្សភ្លើងទៀន ពីការជ្រើសរើសយកគណបក្សឆន្ទៈខ្មែរ តំណាងឱ្យគណបក្សភ្លើងទៀន ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ដោយបានគូសបញ្ជាក់ថា ពុំមានគណបក្សដទៃណាអាចបង្ខំ ឬគំរាមកំហែងឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោតពីគណបក្សភ្លើងទៀន ទៅបោះឆ្នោតឱ្យគណបក្សផ្សេងក្រៅពីគណបក្សឆន្ទៈខ្មែរ បានឡើយ។ គណបក្សភ្លើងទៀន ជាគណបក្សតែមួយគត់មាន សិទ្ធិអំណាចក្នុងការគ្រប់គ្រង និងការពារសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំង ២១៩៨រូប ដែលជាប់ឆ្នោតពីគណបក្សភ្លើងទៀន។

ដោយឡែកគណបក្សកម្លាំងជាតិ ដែលមានមេដឹកនាំបានបែកចេញពីគណបក្សភ្លើងទៀន និងបានឈរឈ្មោះចូលប្រកួតប្រជែងដែរនោះក៏មានក្តីរំពឹងថានឹងអាចទាញអង្គបោះឆ្នោតពីគណបក្សភ្លើងទៀន តិចឬច្រើន និងប្រកបដោយក្តីសង្ឃឹមថានឹងទទួលបាន អាសនៈក្នុងព្រឹទ្ធសភា នីតិកាលថ្មីនេះ។

លោក ជា មុនី អ្នកនាំពាក្យគណបក្សកម្លាំងជាតិ រំពឹងថាក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សភ្លើងទៀននឹងគាំទ្រដល់គណបក្សកម្លាំងជាតិ ក៏ព្រោះថាមេដឹកនាំគណបក្សកម្លាំងជាតិ ដែលបានបែកចេញពីគណបក្សភ្លើងទៀន ធ្លាប់បានបំពេញការងារជាមួយគ្នាកាលពីពេលកន្លងទៅ។ នេះបើយោងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី។

បើយោងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរីដដែលប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានលើកឡើងថាលោក និងសហស្ថាបនិកដទៃទៀតបង្កើតគណបក្សប្រឆាំងថ្មី ដោយសារតែគណបក្សចាស់ គឺគណបក្សភ្លើងទៀន ដើរដល់ចំណុចទាល់មួយលើផ្នែកបច្ចេកទេសនយោបាយ ដែលជាប់គាំង និងមិនអាចបន្តទៅមុខទៀត ពីព្រោះគណបក្សនេះមិនអាចចូលរួមការបោះឆ្នោតបាន។ គណបក្សថ្មី របស់លោកមិនបានបង្កើតមក ដើម្បីបំបែកសំឡេងអ្នកប្រជាធិតេយ្យនោះទេ ហើយលោកថាសមាជិកគណបក្សថ្មី របស់លោកស្ទើរតែ ១០០ភាគរយ គឺសុទ្ធសឹងតែជាអតីតអ្នកតស៊ូ នៅក្នុងគណបក្សភ្លើងទៀន។

ចំណែកទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រកាសស្វែងរកដំណោះស្រាយជាមួយគណបក្សភ្លើងទៀន ក្នុងការចូលរួមការបោះឆ្នោតព្រឹទ្ធសភា ដើម្បីកុំឱ្យបែកសំឡេងឆ្នោត។ គណបក្សកម្លាំងជាតិ ផ្ដល់ជម្រើសទៅគណបក្សភ្លើងទៀន គួរចែកភូមិភាគគ្នាឈរឈ្មោះ សម្រាប់ការ បោះឆ្នោតព្រឹទ្ធសភា ក្នុងខែកុម្ភៈខាងមុខនេះ។

គណបក្សនេះផ្ដល់សេណារីយោចំនួន៣ សម្រាប់ស្វែងរក ដំណោះស្រាយជាមួយគណបក្សភ្លើងទៀន ក្នុងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ សេចក្ដីសម្រេចបានឱ្យដឹងថា សេណារីយ៉ូទី១ និងទី២ គណបក្សកម្លាំងជាតិ ចុះបញ្ជីបេក្ខជន ឈរឈ្មោះចំនួន៤ភូមិភាគ ចំណែកគណបក្សភ្លើងទៀន តាមរយៈគណបក្សឆន្ទៈខ្មែរ ចុះបញ្ជីបេក្ខជនចំនួន៤ភូមិភាគដែរ។ សេណារីយ៉ូទី៣ គណបក្សភ្លើងទៀន តាមរយៈគណបក្សឆន្ទៈខ្មែរ ចុះបញ្ជីបេក្ខជនចំនួន៥ភូមិភាគ តែគណបក្សកម្លាំងជាតិ ចុះបញ្ជីបេក្ខជនឈរឈ្មោះមកត្រឹម៣ភូមិភាគ ប៉ុន្តែនៅពេលបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺគណបក្សកម្លាំងជាតិ ចុះបញ្ជីបេក្ខជនឈរឈ្មោះ ចំណែកគណបក្សភ្លើងទៀន តាមរយៈគណបក្សឆន្ទៈខ្មែរ ពុំចាំបាច់ដាក់បញ្ជីចុះឈ្មោះបេក្ខជនឈរសម្រាប់ ការបោះឆ្នោតនេះឡើយ នេះបើយោងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី។

យោងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរីដដែល ឆ្លើយតបនឹងបញ្ហាខាងលើ អតីតអនុប្រធានគណបក្ស ភ្លើងទៀន លោក សុន ឆ័យ ដែលលោក ទៅឈរឈ្មោះជាបេក្ខជនឈរឈ្មោះព្រឹទ្ធសភា ឱ្យគណបក្ស ឆន្ទៈខ្មែរ បានលើកឡើងថា លោកមិនសូវ យល់ពីយុទ្ធសាស្ត្រ ឬសេណារីយ៉ូរបស់គណបក្សកម្លាំងជាតិ នៅពេលនេះឡើយ។ ទោះយ៉ាងណា លោកថាសំណើរបស់គណបក្សកម្លាំងជាតិនៅពេលនេះ ហាក់យឹត ពេលទៅហើយ ព្រោះគណបក្សភ្លើងទៀន តាមរយៈគណបក្សឆន្ទៈខ្មែរ បានដាក់បញ្ជីបេក្ខជន គ្រប់ភូមិភាគ រួចហើយ។ ទោះបែបនេះ លោកថាជំហររបស់លោកផ្ទាល់ លោកនៅតែយល់ថា គណបក្សទាំងពីរនៅតែជជែកគ្នាបានដដែល។

លោក សុន ឆ័យ ចង់ឃើញគណបក្សកម្លាំងជាតិ គួរគិតគូរពីផែនការបោះឆ្នោត  ឆ្នាំ២០២៧ និងឆ្នាំ២០២៨ វិញល្អជាង។

តាមវិទ្យុអាស៊ីសេរីដដែលនាយកប្រតិបត្តិអង្គការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី លើកឡើងថា គណបក្សពីរដណ្ដើមអង្គបោះឆ្នោតតែមួយដូច្នេះ នឹងធ្វើឱ្យសំឡេងឆ្នោតថយចុះ ហើយអាចធ្វើឱ្យគណបក្សទាំងពីរប្រឈមបាត់បង់ អាសនៈនៅក្នុងព្រឹទ្ធសភា។ លោកបន្តថា បើទោះជា អង្គបោះឆ្នោតរបស់គណបក្សទាំងពីរនេះមកពីគណបក្សភ្លើងទៀនក្ដី ប៉ុន្តែមិនប្រាកដថា អង្គបោះឆ្នោតទាំងអស់ នឹងបោះឆ្នោតជូនគណបក្សឆន្ទៈខ្មែរតែមួយនោះទេ។

សូមរំលឹកផងដែរថា លោក រ៉ុង ឈុន ជាទីប្រឹក្សាគណបក្សកម្លាំងជាតិ គឺមិនត្រឹមត្រូវ  តាមច្បាប់ ឡើយ ពីព្រោះលោក រ៉ុង ឈុន កំពុងស្ថិតនៅក្នុងពេលវេលាអនុវត្តទោស និងស្ថិតក្រោម ការត្រួតពិនិត្យ តាមផ្លូវច្បាប់របស់តុលាការ ដែលមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ធ្វើជាប្រធាន អនុប្រធាន ឬទីប្រឹក្សា គណបក្ស នយោបាយណាមួយឡើយ។ គណបក្សកម្លាំងជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្នុងនោះក៏បញ្ជាក់ពីការតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹក្សា គណបក្សមួយនេះផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ចុះផ្សាយនៅលើបណ្តាញ សារព័ត៌មាន Fresh News។

យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា១៨ថ្មី បានចែងយ៉ាង ច្បាស់ថា៖ «ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ និងសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គល ដែលជាទណ្ឌិតជាប់ទោស ដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ»

ម្យ៉ាងទៀត យោងតាមលិខិតឆ្លើយតបរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្ញើជូនលោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញ តាមលក្ខណៈច្បាប់នៅឡើយទេ ដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួចហើយ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យមាននីតិសម្បទា ឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ក្នុងសាលដីការបស់សាលាឧទ្ធរណ៍ ហើយក៏ត្រូវបានតុលាការកំពូលតម្កល់សាលដីកាព្រហ្មទណ្ឌ លេខ១១០ បានកំណត់ផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ត្រូវកែប្រែ មកជាទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ។ ទោសដែលនៅសល់ ត្រូវ ព្យួរទោសសាកល្បងដោយកំណត់រយៈពេល៣ឆ្នាំ។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សដែលត្រូវបានតុលាការកំពូល បានប្រកាស រំលាយ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយសារគណបក្សនេះមានការពាក់ព័ន្ធនឹងការមានបំណងផ្តួលរំលំរដ្ឋាភិបាលបានអំពាវនាវឱ្យកម្លាំងប្រជាធិបតេយ្យទាំងអស់រួបរួមគ្នា និងឈប់វាយប្រហារគ្នា។

ការចេញសារជាលើកទីពីរ របស់លោក សម រង្ស៊ី នេះ ធ្វើឡើងក្នុងគោលដៅឱ្យគណបក្សប្រឆាំងចំនួន៣ នៅកម្ពុជា គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ រួមគ្នាតែមួយដើម្បីយកជ័យជម្នះលើការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ លោក សម រង្ស៊ី ក៏បានចេញសារបង្រួបបង្រួមសកម្មជន និងអ្នកនយោបាយប្រឆាំងម្តងហើយ អំឡុងពេលគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ បើកការ វាយប្រហារគ្នា។ បច្ចុប្បន្ន អ្នកនយោបាយនៃគណបក្សទាំងពីរ ក៏កំពុងបន្តឃោសនា ហែកទាញអង្គបោះឆ្នោត របស់គណបក្សភ្លើងទៀន ចំនួន២១៩៨នាក់ តាមរយៈឈ្មោះគណបក្ស ឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញលិខិតប្រកាសព្រមានទុកជាមុនចំពោះ គណបក្សនយោបាយ បានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ ស្តីពីគណបក្សនយោបាយ។ ការព្រមានរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងក្រោយពេលថ្មីៗនេះទណ្ឌិត សម រង្ស៊ី ដែលកំពុង និរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់ គណបក្សនយោបាយចំនួន៣ ឱ្យអនុវត្ត សកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតា នយោបាយស្មោគគ្រោករបស់ខ្លួន។

តាមរយៈសេចក្ដីប្រកាសព្រមានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ថិតក្នុងបរិបទនេះក្រសួងមហាផ្ទៃ សូមព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព ដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេសមាត្រា ៦ថ្មី (ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះចំណុចទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា «ការយល់ព្រមដោយចំហ ឬដោយតុណ្ហភាព ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទ មជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្ស នយោបាយ របស់ខ្លួន គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបាន ហាមឃាត់»។ ក្នុងន័យដូចគ្នានេះដែរ យោងតាមមាត្រា ៤៤ថ្មី(ពីរ) នៃច្បាប់នេះ បញ្ញត្តិថា គណបក្សនយោបាយ ដែលប្រព្រឹត្តល្មើស អាចប្រឈមនឹងការផ្អាកសកម្មភាពប្រាំឆ្នាំ ឬប្រឈមមុខនឹងការរំលាយដោយតុលាការ។

ទន្ទឹមនេះ មាត្រា ៣៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានផ្តល់សមត្ថកិច្ចដល់ក្រសួងមហាផ្ទៃ ក្នុងការចាត់វិធានការ ដើម្បីផ្អាកសកម្មភាពគណបក្សនយោបាយនោះ ឬប្ដឹងទៅតុលាការ ដើម្បីរំលាយគណបក្សនយោបាយនោះចោល។ ក្រសួងមហាផ្ទៃ សូមអំពាវដល់គ្រប់គណបក្សនយោបាយដែលបាន ចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន ដើម្បីចូលរួមប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ។

សរុបមក នេះជាបញ្ហាដែលកំពុងកើតមានឡើង រវាងគណបក្សកម្លាំងជាតិ ដែលកំពុងព្យាយាម កៀរគរ រកការគាំទ្រ និងធ្វើការបែងចែកចំនួនអង្គបោះឆ្នោត ចំនួន២១៩៨ របស់គណបក្សភ្លើងទៀន ជាមួយគណបក្សឆន្ទៈខ្មែរ ដែលជាបក្សដែលទទួលបានការផ្តល់សិទ្ធ ពីគណបក្សភ្លើងទៀន។ ក្រៅតែពីការ ព្យាយាមទាញយកអង្គបោះឆ្នោតទាំងជាង២ពាន់ ពីគណបក្សប្រឆាំងទាំងពីរនេះ គឺនៅមានចំនួនអង្គបោះឆ្នោតមួយចំនួន ដែលបានទៅចុះចូលជាមួយគណបក្សប្រជាជន ដោយសារការបាត់បង់ជំនឿចិត្តលើ បក្សភ្លើងទៀតបន្ថែមទៀត។ ម្យ៉ាងវិញទៀត យើងក៏មិនត្រូវមើលរំលង គណបក្សរាជានិយមនោះទេ ទោះបីតិចតួចឬច្រើនក្តី គណបក្សមួយនេះក៏នៅតែអាចសង្ឃឹមថា នឹងបានទទួលសំឡេងអង្គបោះឆ្នោត ពីមួយចំនួនពីក្នុងចំណោម អង្គបោះឆ្នោតជាង២ពាន់សំឡេងនេះ។ ដូចដែលយើងបានសង្កេតឃើញក្នុងការបោះឆ្នោតតំណាង រាស្ត្រអាណត្តិទី៧កន្លងទៅ គណបក្សរាជានិយម «ហ៊្វុនស៊ិនប៉ិច» អាចដណ្តើមបាន រហូតដល់៥អាសន្ន ដែលអ្នកតាមដានព្រឹត្តិការទាំងជាតិនិងអន្តរជាតិនឹកស្មានមិនដល់។

សម្រាប់ការជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ដែលមានគណបក្សចូលរួមចំនួន៤ ចូលរួម ការ បោះ ឆ្នោត នេះ បើពិនិត្យជារួម យើងសង្កេតឃើញថា ឱកាសនៃការចូលរួមក្នុងសមាជិកព្រឹទ្ធសភា សម្រាប់អាណត្តិទី៥ ខាងមុខ ស្ទើតែគ្មានឱកាស ឬមានឱកាសតិចតួច បំផុតសម្រាប់គណបក្សប្រឆាំងទាំងពីរនេះ ដោយសារតែគណបក្សប្រឆាំងទាំងពីរ ដែលបានចូលរូមក្នុងការប្រកួតប្រជែង សុទ្ធតែមានភាព មិនច្បាស់លាស់ ក្នុងឆាកនយោបាយ របស់ពួកគេរៀងៗខ្លួន បើនិយាយឱ្យចំគឺសុទ្ធតែប្រើនយោបាយ «កាប់បំពង់រង់ចាំទឹកភ្លៀង» ហើយបញ្ហាដែលធំបំផុតនោះគឺ កំពុងតែខិតទៅរក ការបំពានច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា។

ដូច្នេះ តើគួរឱ្យអង្គបោះឆ្នោត ទាំងជាង២ពាន់នោះ នៅបន្តជ្រើសយកគណបក្ស មួយក្នុងចំណោមគណបក្សទាំងពីរនេះ ដើម្បី ផលប្រយោជន៍អ្វី? ហើយទៅថ្ងៃអនាគត តើពលរដ្ឋនៅបន្តគាំទ្រក្រុមបក្សទាំងនោះដើម្បីអ្វី។ សន្តិភាព និងការរួបរួមគ្នាជាធ្លុងមួយទាំងរាស្រ្ត និងប្រមុខដឹកនាំ គឺជាស្ពានសម្រាប់ចម្លងដ៏ល្អប្រណិតសម្រាប់ឆ្ពោះ ទៅរកការរីកចម្រើន និងអភិវឌ្ឍន៍ជាតិមាតុភូមិ៕

ដោយលោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។