(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញ និងលើកទឹកចិត្តដល់ ក្រុមហ៊ុន សហគ្រាស ផ្គត់ផ្គង់ទឹកស្អាត ទាំងរដ្ឋ និងឯកជនទាំងអស់ រៀបចំគិតគូរអំពីផែនការ ការវិនិយោគ ក៏ដូចជាម៉ូឌែលនៅក្នុងការគ្រប់គ្រងអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ឱ្យមាននិរន្តភាព ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលបានកំណត់ថា «ត្រឹមឆ្នាំ២០៣០ សម្រេចការទទួលបានសាកលកម្ម និងសមធម៌នូវទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យ សម្រាប់ប្រជាជនទាំងអស់»។
ក្នុងពិធីបើកសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន ឆ្នាំ២០២៤ លើកទី១៦ នាថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៤នេះ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា ការរៀបចំគិតគូរអំពីផែនការ ការវិនិយោគ ក៏ដូចជាម៉ូដែលនៅក្នុងការគ្រប់គ្រងអាជីវកម្ម ផ្គត់ផ្គង់ទឹកស្អាតឱ្យមាននិរន្តភាព មានសារៈសំខាន់ណាស់សម្រាប់វិស័យទឹកស្អាតនៅកម្ពុជា ព្រោះប្រសិនបើក្រុមហ៊ុនណាមួយ ទទួលរងខាតបង់ប្រាក់ចំណេញពីការធ្វើអាជីវកម្ម នោះនឹងធ្វើឱ្យការផ្តល់សេវា ក៏ដូចជាគុណភាពទឹកនឹងធ្លាក់ចុះ ខណៈបញ្ហាប្រែប្រួលអាកាសធាតុអាចនឹងក្លាយជាបញ្ហាប្រឈម សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជាផងដែរ។
លោកបន្ថែមថា ការអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ មិនត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែសេវានេះក៏ជាកត្តាគន្លឹះមួយ ក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិ សម្រាប់ការបង្កើតគុណភាព ផលិតកម្ម អាជីវកម្មនៅកម្ពុជា។
លោកបន្តថា «ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដែលជាស្ថាប័នទទួលបន្ទុកលើវិស័យផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ជាក់ស្តែងកិច្ចសហប្រតិបត្តិការជាមួយក្រុងគីតាឃ្យុស៊ុ និងសមាគមអាជីវកម្មទឹកស្អាត ក្រៅប្រទេសក្រុងគីតាឃ្យុស៊ុ ដែលកិច្ចសហប្រត្តិការនេះមានគោលបំណង ជំរុញការអភិវឌ្ឍវិស័យទឹកស្អាត នៅក្នុងប្រទេសកម្ពុជាឱ្យមាននិរន្តរភាព និងជំរុញឱ្យមានការភ្ជាប់សេវាទឹកស្អាត តាមប្រព័ន្ធបណ្តាញកាន់តែច្រើនថែមទៀត»។
លោក តាណិណៃ អ៊ិជិតូមុ ទីប្រឹក្សាអមស្ថានទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានថ្លែងថា នៅពេលអនាគត ការបន្តអភិវឌ្ឍប្រព័ន្ធទឹកស្អាត នៅក្នុងខេត្តក្រុងនានា ក្រៅពីរាជធានីភ្នំពេញ គឺពិតជាមានសារៈសំខាន់ណាស់ ហើយបច្ចុប្បន្ននេះ ជប៉ុន្តក៏បាន និងកំពុងផ្តល់ការគាំទ្រដល់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកស្អាតនៅក្នុងខេត្តក្រុង ជាច្រើនតាមរយៈជំនួយ ODA (Official development assistance)។
គម្រោងនៅខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ត្រូវបានបញ្ចប់ការពីឆ្នាំ២០២៣ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។ ចំណែកគម្រោងនៅខេត្តស្វាយរៀងវិញ បាននិងកំពុងបន្តនីតិវិធី ដើម្បីចុះកិច្ចសន្យា។
លោកបន្តថា ការចូលរួមពីសំណាក់ក្រុមហ៊ុនទឹកស្អាតឯកជន ដែលមានគុណភាពខ្ពស់ គឺពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
បើតាម លោក តន់ សុជា អគ្គនាយក នៃអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន សហគ្រាស ដែលផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាមានជាង៤០០ ក្នុងនោះ ប្រតិបត្តិកររដ្ឋ ដែលជាសហគ្រាសសាធារណៈមានចំនួន១១ និងប្រតិបត្តិករឯកជនមានចំនួន៤០៧ទីតាំង។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ចំនួនតំណបណ្តាញទឹកស្អាតនៅទូទាំងប្រទេស មានជាង១.៣លានតំណ។ ប្រសិនបើ១តំណភ្ជាប់ ស្មើនឹងមួយគ្រួសារ ដូច្នេះគ្រួសារប្រមាណ៣៦.៨% នៃចំនួនគ្រួសារសរុបនៅទូទាំងប្រទេស(៣ ៥៥៣ ០២១គ្រួសារ) ទទួលបានទឹកស្អាតប្រើប្រាស់៕