(ព្រះសីហនុ)៖ សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាពុទ្ធសាសនា,ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ,សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពងខ្ពស់សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, លោក សោម រតនា រដ្ឋលេខាធិការតំណាងបណ្ឌិត ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា, លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងលោក គួច ចំរេីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣១ នៅខេត្តព្រះសីហនុ។

ក្នុងពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើទី៣១ បានប្រព្រឹត្តទៅក្រោមបរិយាកាសសោមនស្សរីករាយ និងដាក់ចេញនូវគោលដៅសម្រាប់អនុវត្តការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំនិងអភិវឌ្ឍន៍ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យបានរុងរឿងថ្កុំថ្កើងទៅថ្ងៃអនាគត។

លោក កង ឌីណាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានលើកឡើងថា បច្ចុប្បន្នសាសនាដែលកំពុងតែធ្វើសកម្មភាពនៅក្នុងខេត្តព្រះសីហនុមានចំនួន ៤ គឺព្រះពុទ្ធសាសនា, ឥស្លាមសាសនា, គ្រឹស្ទសាសនា និងពុទ្ធសាសនាមហាយាន។ ដោយឡែកព្រះពុទ្ធសាសនាក្នុងខេត្តព្រះសីហនុ មានវត្តសរុបចំនួន ៤១វត្ត ក្នុងនោះគណៈធម្មយុត្តិកនិកាយមាន ចំនួន២វត្ត អាស្រមមានចំនួន ៣កន្លែង ព្រះសង្ឃទាំងពីគណៈសរុបមានចំនួន ៣៦៩អង្គនាក់ ផ្នែកសិក្សាអប់រំ មានសាលាពុទ្ធិកបឋមសិក្សាចំនួន ៨កម្រង និងមានពុទ្ធិកអនុវិទ្យាល័យចំនួន១។

ជាមួយគ្នានោះលោក កង ឌីណាត បានថ្លែងអំណរគុណចំពោះលោក គួច ចំរេីន អភិបាលខេត្តព្រះសីហនុ ដែលបានជួយឧបត្ថម្ភក៍ប្រគេនចង្ហាន់ដល់ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការវត្ត ក្នុងកម្មវិធីទាំងមូល។ ជាពិសេសលោកអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរសម្របសម្រួលរាល់ការងារពាក់ព័ន្ធ នឹងវិស័យសាសនានៅក្នុងខេត្ត ចូលរួមលើកកម្ពស់វិស័យពុទ្ធិកសិក្សា និងពិធីបុណ្យជាតិពាក់ព័ន្ធនឹងសាសនានានា។

ក្នុងឱកាសនោះដែរ លោក គង់ វិតាណៈ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរធម្មការ និងសាលាគណៈខេត្តដែលរៀបចំមហាសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនេះ ក្នុងគោលបំណងថែរក្សាកិត្យានុភាព សេចក្តីថ្លៃថ្នូរនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានភាពទាក់ទាញ និងជំនឿជឿជាក់ពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននានាទ្វេរឡើងបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕