(អ៉ីតាលី)៖ ករណីគ្រោះរញ្ជួយដីនៅអ៉ីតាលី ៦,២រិចទ័រ អ្នកស្លាប់បានកើនដល់២៨១នាក់ និងមនុស្សជាង២១០០នាក់ បាននឹងកំពុងរស់នៅក្នុងតង់ជម្រកបណ្តោះអាសន្ន យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ។
រដ្ឋាភិបាលអ៉ីតាលី បានសម្រេចដាក់ទីក្រុង Amatrice, Arquata, Accumoli និង Pescara del Tronto ដែលស្ថិតនៅភាគឦសាននៃទីក្រុងរ៉ូម ទៅក្នុងការប្រកាសអាសន្ន បន្ទាប់ពីបានទទួលរងគ្រោះរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រកាលពីថ្ងៃពុធ និងបានសម្លាប់មនុស្សកើនឡើងដល់ ២៨១នាក់ និងរាប់រយនាក់រងរបួស ខណៈអ្នកស្លាប់ច្រើនជាងគេគឺនៅ ទីក្រុង Amatrice ដែលមានរហូតដល់ទៅជាង ២០០នាក់៕
សូមជំរាបថា ក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ១៩១៧ មកទល់ឆ្នាំ២០១៦នេះ ប្រទេសអ៉ីតាលី ទទួលរងគ្រោះរញ្ជួយដីបានកើតឡើង ចំនួន៤៧ដង ក្នុងករណីខ្លះគ្រោះរញ្ជួយដីកើតឡើងរហូតដល់៣ដងក្នុងមួយឆ្នាំក៏មាន។ សូមជម្រាបថា ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ គ្រោះរញ្ជួយដីបានបណ្តាលឲ្យមនុស្ស ៨៦៥០នាក់ស្លាប់ និង៣០,៥២៣នាក់ផ្សេងទៀតរបួស។
គួររលឹកផងដែរ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩០៨កន្លងទៅនេះ គ្រោះរញ្ជួយដីកម្រិត៧,១រ៉ិចទ័រ បានវាយប្រហារប្រទេស អ៊ីតាលី ដែលបណ្តាល ឲ្យមនុស្សរហូតដល់ជាង២០ម៉ឺននាក់ស្លាប់បាត់បង់ជីវិត ដែលនេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្ត្រប្រទេស អ៊ីតាលី និងពិភពលោកទាំងមូល៕