(ស្វាយរៀង)៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអំពាវនាវដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍សប្បាយដ្ឋានទាំងអស់ ត្រូវពង្រឹងការបង្ការ និងសហការជាមួយសមត្ថកិច្ចដើម្បីសុវត្ថិភាពទីតាំងអាជីវកម្មរបស់ខ្លួន ពីករណីគ្រឿងញៀន។

ការលើកឡើងរបស់លោកបណ្ឌិត តូច ប៉ូលីវ៉ា ឡើងក្នុងឱកាស អញ្ជើញដឹកនាំកម្លាំងចម្រុះចុះពង្រឹងយន្តការត្រួតពិនិត្យរដ្ឋបាលជាមួយម្ចាស់អាជីវកម្មដែលងាយរងគ្រោះស្ថិតនៅសណ្ឋាគារ ថៃ អាង ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤មក។

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានបន្តថា គោលការណ៍ណែនាំលេខ ០០២ បានចង្អុលចុះមកគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅតាមសេវាកម្មទេសចរណ៍ សប្បាយដ្ឋាន។ល។ ត្រូវចាត់វិធានការបង្ក្រាបពេលមានព័ត៌មានអំពីការប្រើប្រាស់គ្រឿងញៀន ក្នុងទីតាំងសប្បាយដ្ឋានទាំងនោះ បង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅសង្ស័យនានា អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គ្មានគ្រឿងញៀន សំដៅកាត់បន្ថយ និងលុបបំបាត់សកម្មភាពលូចលាក់កែច្នៃសារធាតុគីមីផ្សំ ការចរាចរ ប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់នៅតាមមូលដ្ឋាន ដែលធ្វើសកម្មភាពចរាចរទំនិញចេញចូលឆ្លងកាត់ នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តស្វាយរៀង។

លោកបានបន្ថែមទៀតថា ការធ្វើរដ្ឋបាលនៅសណ្ឋាគារ ថៃ អាននោះ កម្លាំងជំនាញបានធ្វើតេស្តទឹកម៉ូដរកសារធាតុញៀនលើជនសង្ស័យ និងបានរកឃើញវិជ្ជមានចំនួន១១នាក់ ស្រី២នាក់ ក្នុងចំណោម១១នាក់ខាងលើនេះ មានម្នាក់បានរក្សាទុកនៅកញ្ចប់ម្ស៉ៅស ចំនួន២កញ្ចប់តូច។

ក្រោយពីបានធ្វើតេស្តរួចកម្លាំងជំនាញបានកសាងកំណត់ហេតុ និងបញ្ជូនជនសង្ស័យមកសាកសួរព័ត៌មានបន្ត ព្រមទាំងបានអនុវត្តនីតិវិធីទៅលើទីតាំង ដែលមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ រួមមាន ពុំមានសៀវភៅកត់ត្រាឈ្មោះភ្ញៀវ ចេញ ចូលស្នាក់នៅ ការថតចម្លងឯកសារលិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ ពុំមានការបិទស្កាត់ហាមឃាត់ ការប្រើប្រាស់គ្រឿង និងបម្រាមផ្សេងៗចាំបាច់មួយចំនួនទៀត៕