(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកសង្គមថ្មី បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងស្រុក ត្រូវចូលរួមថែរក្សាមករតកថ្ងៃ៧មករា គឺសុខសន្តិភាពពេញផ្ទៃប្រទេស ឲ្យនៅគង់វង្សយូអង្វែង ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនមែនទៀត។

ការថ្លែងអំពាវនាវរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលលោកចូលរួមដឹកនាំអង្គមីទ្ទិញអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះថ្ងៃ៧មករា (៧មករា១៩៧៩-៧មករា២០២៤) នៅស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកសង្គមថ្មី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋទូទាំងស្រុកសង្គមថ្មី ជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក សំ លាងទ្រី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលដែលមានវត្តមានក្នុងពិធីនេះ និយាយរួមបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកសង្គមថ្មី។

តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលអានដោយលោក វ៉ា សេដ្ឋា ប្រធានក្រុមប្រឹក្សាស្រុកសង្គមថ្មី និងសន្ទរកថារបស់លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី លោក សំលាងទ្រី បានថ្លែងថា សុទ្ធតែបានបង្ហាញនូវទុក្ខវេទនា និងការឈឺចាប់មិនអាចបំភ្លេចបានរបស់ប្រជាពលរដ្ឋខ្មែរយើង ក្នុងសម័យដឹកនាំដ៍ឃោរឃៅព្រៃផ្សៃយង់ឃ្នង របស់របបប្រល័យពូជសាសន៍ប៉ុលពតកាលពី៤៥ឆ្នាំមុន។

លោក សំ លាងទ្រី បានថ្លែងប្រាប់ប្អូនៗជាយុវជនជំនាន់ក្រោយយ៉ាងដូច្នេះទៀតថា ម៉ោងដែលយើងកំពុងអង្គុយជួបជុំគ្នានៅពេលនេះ កាលពី៤៥ឆ្នាំមុន បងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងរូបលោកផងនោះ គឺកំពុងស្ថិតនៅវាលស្រែច្រូតស្រូវ ចំណែកប្អូនៗកុមារកំពុងដើររើសគួរស្រូវ និងកំពុងសែងលាមក គោ ក្របី និងកាប់ដើមទ្រៀងខែតដើម្បីធ្វើជីដាក់ស្រូវ ហើយហូបតែបបររាវដែលគេដួសកំណត់ឲ្យទៀតផង ដោយឡែកចំពោះតំបន់ខ្លះទៀត ក្រៅពីស្រុកសង្គមថ្មី គឺមានការកាប់សម្លាប់យ៉ាងសាហាវយង់ឃ្នង លោកថា អ្វីដែលលោកនិយាយរៀបរាប់នៅពេលនេះ មិនស្មើនឹងពុក ម៉ែ បងប្អូនយើងលំបាកកាលពី៤៥ឆ្នាំមុន មិនអាចគណនាបានទេ គឺមហាសែនវេទនាខ្លាំងណាស់។

លោកបញ្ជាក់ថា ពិធីដែលយើងប្រារព្វធ្វើឡើងនាពេលនេះ គឺអបអរសាទរថ្ងៃជ័យជម្នះ៧មករា ដែលយើងចាត់ទុកជាថ្ងៃកំណើតទី២របស់យើងថ្ងៃ ដែលប្រជាពលរដ្ឋខ្មែរបានរស់រានមានជីវិតជាលើកទី២។ លោកថាក្រោយថ្ងៃរំដោះ៧មករាប្រទេសយើងក៏នៅតែមានការលំបាកខ្វះខាតសព្វបែបយ៉ាង សូមប្បីតែលុយគ្មានចាយ យើងដោះដូរគ្នាដោយអង្ករឫមាសតែប៉ុណ្ណោះ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងឥស្សរជនមួយចំនួនទៀត បានធ្វើឲ្យប្រទេសជាតិយើង មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។

លោក សំ លាងទ្រី បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយ ត្រូវចូលរួមថែរក្សាមករតកថ្ងៃ៧មករា គឺសុខសន្តិភាពនៅកម្ពុជាសព្វថ្ងៃនេះ ឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍតទៅទៀត។ លោកថា ការចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រជាពលរដ្ឋគឺមិនពិបាកទេ គ្រាន់តែឈប់ជឿតាមការញុះញង់របស់ជនណា ឫក្រុមណា ដែលមានបំណងបំផ្លាញសុខសន្តិភាព ដែលយើងមានសព្វថ្ងៃ និងត្រូវចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាព៕