(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំសហការី ទៅសំណេះសំណាលសាក សួរសុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេច និងលោកជំទាវ និងទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរ សម្ដេចមហាបវរធិបតី និងលោកជំទាវ បានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងគ្រប់ពេលវេលា។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗនិងខិតខំប្រកបរបរសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ លើដីសម្បទាន ដែលសម្តេចតេជោ ហ៊ុន សែន នឹងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ហើយត្រូវចូលរួមអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន១២គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន០១កេស ទឹកត្រី ទឹកស៊ីអ៉ីវចំនួន០២យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ៕