(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅផ្ដល់ជូនប្រជាពលរដ្ឋមួយគ្រួសារក្រីក្រ នៅក្នុងស្រុកទឹកផុស ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានឲ្យដឹងថា អំណោយខាងលើនេះ រួមមានអង្ករចំនួន៥០គីឡូក្រាម ស័ង្កសី៥០សន្លឹក ស៊ីម៉ង់ត៍០៤បេ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១ យួរ ត្រីខ០១យួរ មី០១កេះ មុង០១  រួមនឹងថវិកាមួយចំនួន គឺជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ដល់ជូនគ្រួសារជនរងគ្រោះ ដោយភ្លើងឆេះផ្ទះខាងលើនេះ។

ប្រជាពលរដ្ឋក្រីក្ររងគ្រោះខាងលើនេះ មានឈ្មោះ ប៉ិច សុណា ភេទស្រី អាយុ៣៩ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន៥នាក់ ក្នុងបន្ទុក រស់នៅភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ត្រូវភ្លើងឆេះផ្ទះឈើមួយខ្នងជញ្ជាំងស្លឹក ដំបូលប្រក់សង្ក័សី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២៖១០នាទីថ្ងៃត្រង់ បណ្ដាលមកពីភ្លើងចង្ក្រាន។

លោកមេបញ្ជាការ បានបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវជានិច្ចជាកាលតែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានជួបគ្រោះមន្តរាយនានា ដោយសម្ដេចធិបតីតែងបានជួយឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារៈ រួមទាំងថវិកាផងដែរ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ប្រជាពលរដ្ឋរងគ្រោះ និងអាជ្ញាធរមូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារពិសេសសូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងក្រៃលែងចំពោះសម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវរួមទាំងក្រុមការងារទាំងអស់ សូមជួបប្រទះ តែនិងសេចក្តីសុខគ្រប់ប្រការណ៍ និងមានជោគជ័យគ្រប់ការងារ និងភារៈកិច្ច៕