(ក្រចេះ)៖ កម្លាំងចម្រុះខេត្តក្រចេះ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានចុះបង្រ្កាបការដាំដុះ និងរក្សាទុកនៅសារធាតុញៀន (កញ្ឆា) ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

កម្លាំងចម្រុះចូលរួមបង្រ្កាបរួមមាន៖ កម្លាំងអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ, កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរសែនជ័យ, កម្លាំងនគរបាលខេត្តក្រចេះ អាជ្ញាធរស្រុក និងអាជ្ញាធរភូមិ ឃុំ។

ក្នុងប្រតិបត្ត័ការបង្រ្កាបនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ដូចខាងក្រោម៖

ទី១៖ ឈ្មោះ អេង អង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិ អណ្តូងគៀន ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។
ទី២៖ ឈ្មោះ អ៊ូ សុបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិព្រះបាទជាន់ជុំ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

វត្តុតាងរួមមាន៖ រថយន្ត ចំនួន១គ្រឿង ម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT-6924,ម៉ូតូ ចំនួន០១គ្រឿង ម៉ាក FZ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រៃវែង 1M-3284, រុក្ខជាតិញៀន (កញ្ឆា) ចំនួន ០៥កញ្ចប់ (វិចខ្ចប់រួច) ស្មើរនឹង៣០គីឡូក្រាម, រុក្ខជាតិញៀន (កញ្ឆា)  ចំនួន ១,៣០០ដើម (មិនទាន់ដកបំផ្លាញ), ម៉ាសុីនបូមទឹក ម៉ាក Hino ចំនួន០១គ្រឿង, ជញ្ជីង ចំនួន០១គ្រឿង និងកាំភ្លើងកែច្នៃចំនួន០១ដើម ។

បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកអូរគ្រៀងសែនជ័យ ចាតការតាមនីតិវិធីច្បាប់៕