(ស៊ីអាន)៖ លោក យៀ នីវពីង (Mr. YE Niuping) អភិបាលក្រុងស៊ីអាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក ហេង ពៅ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងស៊ីអាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលផ្តោតសំខាន់ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍រវាងភាគីទាំងពីរ។

លោក ហេង ពៅ បានលើកឡើងអំពីសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជារួម និងទីក្រុងស៊ីអាន និយាយដោយឡែក ក្នុងគោលបំណង សុំឲ្យមានការបើកជើងហោះហើរត្រង់ ពីស៊ីអានមកកម្ពុជា ដើម្បីផ្លាស់ប្តូរវិស័យទេសចរណ៍រួមគ្នា លើកកម្ពស់សេដ្ឋកិច្ចរវាងប្រជាជនទាំងពីរ។

អគ្គកុងស៊ុលកម្ពុជា បានបន្តទៀតថា កម្ពុជាបន្តទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងទីក្រុងស៊ីអាន ជារួមរវាងកម្ពុជា-សាធារណរដ្ឋប្រជាមានិតចិន ដ៏យូរអង្វែង និងជាមិត្តដែកថែប ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អគ្គកុងស៊ុលកម្ពុជា បានស្នើឲ្យមានការគាំទ្រផែនការសកម្មភាពឆ្នាំ២០២៤ ដែលជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន, សហការក្នុងវិស័យអប់រំ ឲ្យបានប្រសើរ និងលើកកម្ពស់ទិសដៅយុទ្ធសាស្ត្រ ក្នុងវិស័យអប់រំ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាទៅអនាគត។

លោក យៀ នីវពីង បានផ្តល់ការគាំទ្រ និងណែនាំឲ្យមន្ទីរពាក់ព័ន្ធ ធ្វើការជិតស្និទ្ធជាមួយស្ថានអគ្គកុងស៊ុល ដើម្បីសម្រេចបាននូវគោលដៅរួមគឺការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងស៊ីអាន និងកម្ពុជា។

លោកអភិបាលក្រុងរំពឹងថា នឹងមានសហគ្រាសពីទីក្រុងស៊ីអាន ទៅទស្សនកិច្ចសិក្សានៅកម្ពុជា និងនាំចូលផលិតផលកសិកម្មគុណភាពខ្ពស់ ពីប្រទេសកម្ពុជាមកកាន់ក្រុងស៊ីអាន ផ្សព្វផ្សាយតំបន់ទេសចរណ៍ ឲ្យគ្នាទៅវិញទៅមក ធ្វើការរួមគ្នាដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រងស៊ីអាន និងក្រុងសៀមរាបផងដែរ៕