(ភ្នំពេញ)៖ ការខិតខំអភិវឌ្ឍន៍នូវអគារសិក្សាថ្មីៗបន្ថែម ពីសំណាក់រាជរដ្ឋាភិបាល និងមានការចូលរួមពីសប្បុរសជន នៅតាមសាកលវិទ្យាលរដ្ឋ បានធ្វើឲ្យមានសន្ទុះ នៃសិស្សនិស្សិតទទួលបានអាហារូបករណ៍បន្តនៅថ្នាក់ឧត្តមសិក្សា ជាពិសេសនិស្សិតក្រីក្រ និងកាន់តែធ្វើឲ្យកម្ពុជា ទទួលបានធនធានមនុស្ស ដែលមានសក្ដានុពល ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។

ក្នុងពិធីបើកការប្រឡងតេស្តភាសាអង់គ្លេស សម្រាប់និស្សិតឆ្នាំទី១ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រឹសួងធម្មការ និងសាសនា និងជាសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានប្រសាសន៍ថា ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាវិស័យអទិភាពមួយ ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ហើយដោយមានការជ្រោមជ្រែង ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសប្បុរសជននានា ទើបសាកលវិទ្យាល័យ បានកសាងនូវអគារសិក្សាថ្មីកម្ពស់ ៩ជាន់ នឹងបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំមុន ។

លោកបានបន្តថា កាលពីអគារថ្មី មិនទាន់សាងសងរួលរាល់ ក្នុងមួយឆ្នាំៗអាចទទួលសមណនិស្សិត និងសិស្សនិស្សិត ចូលសិក្សាបានប្រមាណ ៥០០ ទៅ៧០០នាក់ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំសិក្សាថ្មីនេះ មានសមណនិស្សិត និងនិស្សិតក្រីក្របានទទួលអាហារូបករណ៍ ចូលរៀនកើនឡើងដល់ជាង ១ពាន់នាក់ ។

និស្សិតទទួលអាហារូបករណ៍សិក្សា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានលើកឡើងថា ពួកគេពិតជាពេញចិត្ត នឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល ដែលស្ដែងចេញតាមការពង្រីកសាលារៀន កសាងអគារសិក្សា និងការផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ឬសិស្សពូកែបានសិក្សាតាមសាកលវិទ្យាលក្នុងប្រទេស និងបញ្ជូនទៅសិក្សានៅក្រៅប្រទេសជាដើម ។

ក្នុងឱកាសយាងជាព្រះអធិបតី ពិធីបើកការប្រឡងនេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីគតិឧទេ្ទសបណ្ឌិត បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានព្រះបន្ទួលជំរុញដល់សមណនិស្សិត និងសិស្សនិស្សិតទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹង ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យមានចំណេះដឹងប្រចាំជីវិត ក៏ដូចជាចូលរួមការកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕