(ភ្នំពេញ)៖ សៀវភៅ «ខៀវ» គឺជាសៀវភៅមួយក្បាល ដែលផ្តល់នូវពុទ្ធិសម្រាប់ប្រជាជន គ្រប់មជ្ឈដ្ឋាន ហើយតាមរយៈសៀវភៅនេះ ក្រុមយុវជនសង្គមស៉ីវិល បានអំពាវនាវដល់បណ្តាគណបក្សនយោបាយ អង្គការ សមាគម និងសង្គមស៉ីវិល រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

ក្រុមយុវជនសង្គមស៉ីវិល មានបំណងចែកចាយសៀវភៅខៀវ ចំនួនប្រាំបីស្រុក ខណ្ឌ សរុប ២៤០០ក្បាល ហើយបន្តកែសម្រួល និងចែកចាយបន្តតាមដែលអាចធ្វើទៅបាន។ សៀវភៅខៀវ ចងក្រងដោយជនរងគ្រោះដោយសារនយោបាយជ្រុលនិយម និងជាសក្សីរស់ អំពីផលប៉ះពាល់ ដែលទាំងអស់មានបួនកថាខណ្ឌ។

ក្រុមយុវជនសង្គមស៉ីវិល បានលើកឡើងថា រយៈពេលនេះជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។ ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។

បណ្តុំអង្គការសង្គមស៉ីវិល ក៏បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម៖

* បញ្ឈប់រាល់សារនយោបាយណា ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ
* កុំយកសកម្មជនរបស់ខ្លួនធ្វើជាខែល ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងនីតិវិធី
* ចូលរួមសាទរនឹងមហាព្រឹតិ្តការណ៍នានាដ៏អស្ចារ្យរបស់កម្ពុជា ដើម្បីលើកមុខមាត់ជាជាងអង្គុយតែបន្តុះបង្អាប់
* គោរពស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

យុវជនសង្គមស៉ីវិល ថែមទាំងអំពាវនាវដល់ សកម្មជនប្រឆាំង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា កុំបណ្តោយខ្លួនឲ្យជាក្លាយជាឈ្នាន់នយោបាយ ដែលអាចបណ្តាលឲ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ជាពិសេសអំពាវនាវដល់បណ្តាលគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់ រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យអស់ចេញពីកម្ពុជា៕