(ភ្នំពេញ)៖ សមាគម អង្គការសង្គមស៊ីវិលទាំង១០ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការងារសង្គម បានប្រជុំរួមគ្នា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បង្ហាញពីក្តីព្រួយបារម្ភចំពោះអ្នកនយោបាយជ្រុលនិយមមួយក្រុម ដឹកនាំដោយ លោក សម រង្ស៉ី និងបក្ខពួក ព្រមទាំងប្រព័ន្ធឃោសនាសារព័ត៌មាន វិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាន នៅក្រៅប្រទេសដែលនៅតែបន្តសាបព្រោះនយោបាយជ្រុលនិយមនៅកម្ពុជា។

នយោបាយជ្រុលនិយម គឺពិតជាមានគ្រោះថ្នាក់ណាស់ ដែលអាចនាំឱ្យប្រទេសជាតិ មានការបែកបាក់ និងធ្លាក់ទៅរកភ្លើងសង្គ្រាមស៊ីវិល ដែលអាចបំផ្លិចបំផ្លាញដល់សង្គមជាតិទាំងមូល។ ដោយសារនយោបាយ ជ្រុលនិយម នេះហើយ ទើបធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល តាំងពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៨ ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិតរាប់លាននាក់ ព្រមទាំងធ្វើឱ្យសមិទ្ធផលជាតិសំខាន់ៗ ទទួលរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ។

សមាគម អង្គការ សង្គមស៊ីវិលទាំង១០ បានមើលឃើញពីចរិតនយោបាយដ៏អាក្រក់ទាំង៦ របស់ក្រុមលោក សម រង្ស៉ី និងវិទ្យុអាស៊ីសេរី តែងតែធ្វើកន្លង ហើយឆ្លុះបញ្ចាំងពីនយោបាយជ្រុលនិយមដូចខាងក្រោម៖

១៖ ធ្វើនយោបាយមិនគោរពរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិ ដែលជាមូលដ្ឋាន នៃការគ្រប់គ្រង និងការដឹកនាំប្រទេសជាតិ
២៖ ដើម្បីផលប្រយោជន៍ក្រុមខ្លួនហ៊ានបង្កើតចលនាបំបែកបំបាក់ជាតិ ធ្វើឱ្យសង្គមជាតិ មិនមានការឯកភាពជាធ្លុងមួយ
៣៖ ដើម្បីផលប្រយោជន៍ក្រុមខ្លួនហ៊ានជំរុញឱ្យមានការផ្លាស់ប្តូររាជរដ្ឋាភិបាល តាមរយៈការអំពាវនាវឱ្យទាហានបែរចុងកានុងមករាជរដ្ឋាភិបាល ដែលជាទង្វើបំផ្លាញសន្តិភាព ប្រជាធិបតេយ្យ ច្បាប់ និងមូលដ្ឋានគ្រឹះដែលកម្ពុជាខិតខំកសាងកន្លងមក។
៤៖ មិនគោរពនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយហ៊ានអំពាវនាវឱ្យព្រះមហាក្សត្រ ចុះចេញ ពីរាជបល្ល័ង និងប្រមាថដល់អង្គព្រះមហាក្សត្រ ដែលប្រជាពលរដ្ឋកម្ពុជាគោរពស្រឡាញ់ពេញមួយប្រទេស។
៥៖ មិនគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ធ្វើនយោបាយតាមចិត្តចង់ឱ្យតែបានប្រយោជន៍ ដល់ក្រុមខ្លួនលែងឱ្យតម្លៃលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ ដែលជាច្បាប់កំពូលរបស់ប្រទេស។
៦៖ ដើម្បីផលប្រយោជន៍ក្រុមខ្លួន និងបក្សពួក មិនខ្វល់ពីផលប្រយោជន៍ជាតិ ធ្វើនយោបាយ អសីលធម៌ ដោយការបង្កើតមនោគមន៍វិជ្ជាជ្រុលនិយមដូចជា ជេរប្រមាថ ញុះញង់បំបែកបាក់សង្គមជាតិ ដោយយកបញ្ហាសេដ្ឋកិច្ច សង្គម ព្រំដែន ។ល។ បំភ័ន្តតាមចិត្តចង់ឱ្យតែចំណេញដល់នយោបាយរបស់ខ្លួន លែងខ្វល់ ពី ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ។

នៅលើពិភពលោកនេះ ប្រទេសជាច្រើនមានក្តីបារម្ភចំពោះក្រុមនយោបាយជ្រុលនិយម ដែលតែងតែបង្កឱ្យមានសង្គ្រាមស៊ីវិល រវាងប្រទេសនិងប្រទេស ដូចជាករណីថ្មីៗ ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបាន វាយប្រហារទៅលើអុីស្រាអែល ធ្វើឱ្យផ្ទុះកើតមានសង្គ្រាម បណ្ដាលឱ្យប្រជាពលរដ្ឋប៉ាឡេស្ទីន និងប្រទេស រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នេះក៏ដោយសារតែក្រុមហាម៉ាសជ្រុលនិយម ខ្លួនតូចតែហ៊ាន ទៅវាយប្រហារគេដែលជាប្រទេសធំ។

ដោយឡែកប្រទេសកម្ពុជាសមាគម អង្គការ សង្គមស៊ីវិលទាំង១០ សម្លឹងឃើញនូវគ្រោះថ្នាក់នៃនយោបាយជ្រុល និយមដែលបង្កើតឡើងដោយក្រុមលោក សម រង្ស៊ី និងវិទ្យុអាស៊ីសេរី ហើយយើងក៏សង្កេតឃើញថាមានបរទេសនៅពីក្រោយនៃនយោបាយជ្រុលនិយមនេះផងដែរ។

«ក្នុងនាមយើងខ្ញុំទាំងអស់គ្នា ជាយុវជនខ្មែរមិនអាចឈរនៅស្ងៀមឱ្យក្រុមអ្នកនយោបាយជ្រុលនិយម អាចធ្វើអ្វីតាមតែចិត្តបាននោះទេ ឆ្លងកាត់ស្មារតីអង្គប្រជុំនេះ យើងខ្ញុំទាំងអស់គ្នានឹងរួមគ្នាបន្តខិតខំធ្វើគ្រប់សកម្មភាព ដើម្បីចូលរួមលុបបំបាត់ចោលនូវអ្នកនយោបាយជ្រុលនិយម បង្កើតអ្នកនយោបាយស៊ីវិល័យដែល ចូលរួមការពារសន្តិភាព គោរពរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ អង្គព្រះមហាក្សត្រ និងជាពិសេសការពារកេរ្តិ៍ដំណែលរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងសម្រាប់ប្រជាជនកម្ពុជា»
សមាគម អង្គការសង្គមស៊ីវិលទាំង១០ សូមប្រកាសគាំទ្រនូវកិច្ចព្រមព្រៀងសហប្រតិបត្ដិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៨ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែលជាវប្បធម៌ នយោបាយនៃការរួបរួមសាមគ្គីខ្មែរនិងខ្មែរ ដើម្បីជម្រុញការអនុវត្ដនយោបាយ បង្រួបបង្រួមជាតិឱ្យកាន់តែរឹងមាំ ដើម្បីប្រមូលកម្លាំងស្នេហាជាតិចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ សំដៅធានាភាព សុខសាន្ដ និងការអភិវឌ្ឍប្រទេសរយៈពេលយូរអង្វែង និងសូមប្តេជ្ញាចិត្តចូលរួម «កម្ចាត់ក្រុមប្រឆាំងជ្រុលនិយម ចេញពីកម្ពុជា»

សមាគម អង្គការ សង្គមស៊ីវិលទាំង១០ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រមទាំងគណបក្សនយោបាយក្នុងស្រុកទាំងអស់ សូមកុំចាញ់បោកនូវកលល្បិចបុគ្គលជ្រុលនិយមមួយចំនួនតូច និងចូលរួមជាមួយរដ្ឋាភិបាល ដើម្បីរក្សាអោយបាននូវឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ៕