(ភ្នំពេញ)៖ នៅក្នុងពិធីសន្និបាតលើកទី១៦ របស់សមាគមនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា គង់ សាង ប្រធានសមាគម តំណាងឱ្យវិស័យទាំងមូល បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅ និងកោតសរសើរបំផុតចំពោះការដឹកនាំដ៏ឈ្លាសវៃ និងការលះបង់ដ៏មានតម្លៃរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ចំពោះការអភិវឌ្ឍន៍វិស័យការងារ ដើម្បីទ្រទ្រង់ដល់ការរីកចម្រើននៃវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជាសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។

រោងចក្រ-សហគ្រាសក៏ត្រូវបានបង្កើត បង្កើន និងពង្រីកទៅតាមបណ្តាខេត្តនានា ដោយបានកើនពីចំនួន៦៤រោងចក្រ និងមានកម្មករនិយោជិតត្រឹមប្រមាណ ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ដល់ចំនួន ៤០,៨៤០ រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧ លាននាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះ វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៦៨០ រោងចក្រ និងមានកម្មករនិយោជិតសរុបចំនួន ៩១៨,៧១៨នាក់ ដោយបានប្រាក់ប្រហែល ៣ពាន់លានដុល្លារក្នុង១ឆ្នាំ។

ប្រាក់ឈ្នួលមានការកើនឡើង លក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពកម្មករ សហជីពត្រូវបានលើកកំពស់ វិសាលភាពនៃរបបសន្តិសុខសង្គមត្រូវបានពង្រីក។ នេះគឺជាជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគម TAFTAC៕