(ស្វីស)៖ នៅល្ងាចថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ប្រទេសស្វីសប្រកបដោយសុវត្ថិភាពហើយ។

ដំណើរអញ្ជើញទៅកាន់ប្រទេសស្វីស របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូល​រួម​កិច្ចប្រជុំប្រចាំឆ្នាំ​លើក​​ទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «ការកសាង​ឡើង​វិញនូវទំនុកចិត្ត» ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លា​ភាព សង្គតិភាព និងគណនេយ្យភាព។

ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិ​សំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា​នឹង​ចូល​រួមក្នុងកិច្ចប្រជុំនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើប្រធានបទ «ការស្តារទំនុកចិត្ត លើ​ប្រព័ន្ធ​សកលលោកឡើងវិញ» សំដៅស្វែងរកវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីដោះស្រាយនូវបញ្ហា ប្រឈម​ដែល​ជាក្ដីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួម និងកិច្ចសន្ទនា ដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរ ក្នុងការកសាងទំនុកចិត្តទៅវិញទៅមកដែលចាំជាចិសម្រាប់ កិច្ចសហប្រតិ​បត្តិ​ការ​ប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសចូលរួមវេទិកាខាងលើ សម្តេចធិបតី នឹងមានជំនួបជាមួយលោក Mathias Cormann អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ព្រមទាំង ធុរជន​នៃក្រុម​ហ៊ុន​ឈានមុខមួយចំនួន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា៕