(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លោកស្រីបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានបង្ហាញនូវជំហររបស់រដ្ឋាភិបាលខ្លួន ក្នុងការជួយដល់កម្ពុជាលើការងារទំនើបរិវត្តកម្មឌីជីថល និងប្រឆាំងបទឧក្រិដ្ឋគ្រប់ប្រភេទតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាកិច្ចចាប់ផ្ដើម ជំនួបដែលបានធ្វើឡើងនៅការិយាល័យផ្ទាល់របស់លោកសន្ដិបណ្ឌិត នេត សាវឿន នៅទីស្ដីការគណៈរដ្ឋមន្ដ្រី, លោកស្រី ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅដោយរលូត តម្លាភាព សេរីត្រឹមត្រូវ សន្ដិភាព និងគ្មានអំពើហិង្សា។ ក្នុងនោះ លោកស្រីក៏បានធ្វើការកោតសរសើរចំពោះសមិទ្ធផលរយៈពេល៤ខែ ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំដៅបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញជំហរដោយចាត់ទុកកម្ពុជា ជាដៃគូសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពោលមានទាំងវប្បធម៌ អរិយធម៌ស្រដៀងគ្នាផងដែរ។ តាមរយៈនេះឥណ្ឌា បានចាត់ទុកកម្ពុជា ជាដៃគូសហប្រតិបត្តិការដ៏មានទំនុកចិត្តមួយ។

លោកស្រី ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ បានលើកសំណើដោយស្នើសុំឲ្យមានកិច្ចសន្ទនាលើការងារសន្ដិសុខ និងប្រឆាំងបទឧក្រិដ្ឋនានា ដែលសហការផ្ទាល់ជាមួយកម្ពុជា និងសំណូមពរឲ្យមានកិច្ចសហការត្រង់ជាមួយក្រសួងជំនាញនីមួយៗ របស់រដ្ឋាភិបាលប្រទេសទាំងពីរ ដូចជា ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃជាដើម ព្រមទាំងបង្កើននូវអនុស្សារណៈនៃការយោគយល់គ្នាដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការ។

ក្នុងនោះ លោកស្រីបានបង្ហាញអំពីគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយកម្ពុជាលើវិស័យឌីជីថលព័ត៌មានវិទ្យា ពោលដោយសារប្រទេសមហាអំណាចមួយនេះ មានការរីកចម្រើន និងនាំមុខលើវិស័យមួយនេះ។ បច្ចុប្បន្ននេះ ឥណ្ឌាបាននិងកំពុងធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ដើម្បីធ្វើយ៉ាងណាឲ្យមានជើងហោះហើរត្រង់ពីឥណ្ឌា មកកម្ពុជា សំដៅបង្កើន និងជំរុញវិស័យសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកសន្ដិបណ្ឌិត នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសឥណ្ឌា ជាមួយប្រទេសកម្ពុជានាពេលកន្លងមក ដែលក្នុងនោះ ឥណ្ឌាបានជួយដល់កម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យ ពិសេសលើការងារសន្ដិសុខ ការពារជាតិ និងបណ្ដុះបណ្ដាលផងដែរ។ លោកបានចាត់ទុកថា កម្ពុជា និងឥណ្ឌា ប្រៀបដូចជាបងប្អូន និងមិត្តភ័ក្រដ៏ល្អដែលមានអរិយធម៌ និងវប្បធម៌ស្រដៀងគ្នា។

លោកសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទី បានបង្ហាញនូវការគាំទ្រឲ្យក្រសួងជំនាញនីមួយៗ របស់ប្រទេសទាំងពីរ ត្រូវបង្កើននូវទំនាក់ទំនង និងធ្វើការដោយជិតស្និតជាមួយគ្នា ដូចជា វិស័យការពារជាតិ សន្ដិសុខ ដើម្បីការពារដល់ផលប្រយោជន៍របស់ប្រជាជន។ លោកបានគាំទ្រដល់ឥណ្ឌា ដែលជួយកម្ពុជាក្នុងការធ្វើបរិវត្តកម្មឌីជីថល និងប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបណ្ដុះបណ្ដាល និងចែករំលែកព័ត៌មាននានា ដែលចាំបាច់ និងបម្រើឲ្យការងារសន្ដិសុខនេះ។

ជាមួយគ្នានេះ ភាគីឥណ្ឌា បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលដល់ការងារទប់ស្កាត់ប្រឆាំងអំពើជួញដូរមនុស្ស ដែលបានមានផលប៉ះពាល់ដល់ប្រជាជនឥណ្ឌា ក៏ដូចជាការងារអន្ដោប្រវេសន៍ សំដៅជួយសម្រួលដល់អ្នកទេសចរ និងធុរកិច្ចជនឥណ្ឌា ដែលមកដើរកម្សាន្ដ និងបំពេញការងារនៅប្រទេសកម្ពុជាផងដែរ។

ត្រង់ចំណុចនេះ លោកសន្ដិបណ្ឌិត នេត សាវឿន បានទទួលយកនូវសំណូមពរនេះ និងសន្យាថា ធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា មានកិច្ចសហប្រតិបត្តិការដ៏ល្អ និងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងគ្នា៕