(ប៉ារីស, បារាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា គម្រោង «Immersive Angkor» ដែលជាសារមន្ទីរនិម្មិត ជាចំណែកជួយឱ្យយុវជនជំនាន់ក្រោយរបស់កម្ពុជា បានយល់ច្បាស់បន្ថែមទៀត អំពីវប្បធម៌ និងអរិយធម៌របស់ខ្មែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកបែបនេះ ក្នុងជំនួបជាមួយលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៣នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជួបសម្តែងការគួរសម និងជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Puy Du Fou Asia នៅកម្ពុជា។ លោក Geoffrey LADET បាន ជម្រាបអំពីគម្រោង «Immersive Angkor» ដែលជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌នៅកម្ពុជា។
គម្រោង «Immersive Angkor» គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រ ព្រមទាំងបានគូសបញ្ជាក់ថា «Immersive Angkor» ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេស ជំនាន់ក្រោយឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី ហើយអាចងាយស្រួលយល់សម្រាប់មជ្ឈដ្ឋានទូទៅ។
សូមបញ្ជាក់ថា ក្រុមហ៊ុន PuyDuFou ជាក្រុមហ៊ុនវិនិយោគទៅលើឧទ្យានកម្សាន្ត និងកំពុងបណ្តាក់ទុននៅកម្ពុជា ក្រោមកិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជា បាននិងកំពុងបង្កើតគម្រោង «Immersive Angkor» ដែលជាសារមន្ទីរនិម្មិតដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងក្នុងខេត្តសៀមរាប៕