(ប៉ារីស, បារាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា បារាំង គឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បងមួយរបស់កម្ពុជា ហើយបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះ ក្នុងពេលអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ។ វេទិកាធុរកិច្ចនេះ មានក្រុមហ៊ុនជិត ១១០ក្រុមហ៊ុន បានមកជួបជុំគ្នា ក្នុងនោះក្រុមហ៊ុនចំនួន ៨០មកពីប្រទេសបារាំង និងក្រុមចំនួន ៣០មកពីប្រទេសកម្ពុជា ដេីម្បីផ្លាស់ប្តូរទំនាក់ទំនង ពង្រីកឱកាស និងសិក្សាស្វែងយល់ ពិសេសបង្កេីតឱកាសវិនិយោគនៅកម្ពុជា។
វេទិកាធុរកិច្ច ជាការឆ្លុះបញ្ចាំងនូវសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំង ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក, ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួមគ្នា។ វេទិកាដ៏សំខាន់នេះ ក៏នឹងលើកកម្ពស់ កាលានុវត្តភាពធុរកិច្ច, វិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងភាគីទាំងពីរផងដែរ។
ថ្លែងបើកវេទិកានោះ សម្តេចធិបតីបានលើកទ្បើងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរលង់ណាស់មកហើយលើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម, វប្បធម៌, អាហារ, ភាសា, ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង ក្នុងសង្គមកម្ពុជា។ លើសពីនេះ កម្ពុជា-បារាំង បាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ជាអាទិ៍ ហិរញ្ញប្បទានដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា, ការគោរពគោលការណ៍ចីរភាពដែលជួយជំរុញកំណើនប្រកបដោយបរិយាប័ន្ន, និងគុណតម្លៃរួមដែលជួយត្រួសត្រាយផ្លូវសម្រាប់អនាគតកាន់តែត្រចះត្រចង់ ជាដើម ។
«ធុរកិច្ចបារាំងមានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ និងការវិនិយោគ ដូចជាវិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ថាមពលកកើតឡើងវិញ, ការថែទាំសុខភាព, អប់រំ និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា វិស័យត្រួសត្រាយផ្លូវ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (first-mover advantage) ដូចជាវិស័យយានយន្ត, នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល, បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, ការថែទាំសុខភាព និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ, និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។ល។»។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ៥១៥,២១លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយបារាំងក៏នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា ក្នុងទំហំពាណិជ្ជកម្មសរុបចំនួន ៤,៦ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ បារាំងនៅតែបន្តផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតកម្ពុជា លើមុខជំនាញផ្សេងៗ ដូចជាច្បាប់, វេជ្ជសាស្ត្រ, និងវិស្វកម្ម ជាដើម ។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរពីគោលនយោបាយវិនិយោគរបស់កម្ពុជា។ ក្នុងនោះ កម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ជាមួយឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពពិសេស ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញ ដែលកត្តាទាំងនោះ មានជាអាទិ៍៖
ទី១៖ រាជរដ្ឋាភិបាលការពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាព ដែលបានមកដោយលំបាក ហើយសន្តិភាពនេះ គឺជាគោលការណ៍ និងគុណតម្លៃស្នូលសម្រាប់កម្ពុជា ហើយបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់ប្រតិបត្តិការធុរកិច្ចយូរអង្វែងតទៅមុខ។
ទី២៖ កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយការផ្តល់លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ប្រកបដោយចីរភាព។
ទី៣៖ កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងបានធ្វើសមាហរណកម្មយ៉ាងរហ័ស ចូលទៅក្នុងទីផ្សារតំបន់ និងសកល ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ទាំងទ្វេភាគី និងពហុភាគី ដែលអនុញ្ញាតឱ្យវិនិយោគិន អាចចូលទៅកាន់ទីផ្សារចម្រុះ ជាមួយនឹងការអនុគ្រោះ និងលទ្ធភាពអភិវឌ្ឍធុរកិច្ច ឱ្យឈានដល់កម្រិតខ្ពស់។ ជាក់ស្តែង វិនិយោគិននៅកម្ពុជាមានលទ្ធភាពចាប់យកទីផ្សារអនុតំបន់មេគង្គ ដែលមានប្រជាជនប្រមាណជាង ៣០០លាននាក់, ទីផ្សារអាស៊ាន ដែលមានប្រជាជនប្រមាណជាង ៦៦០ លាននាក់ និងទីផ្សារនៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានប្រជាជនប្រមាណ ២,៣ ប៊ីលាននាក់ និងផ.ស.ស. សរុបចំនួន ២៥,៨ ទ្រីលានដុល្លារអាម៉េរិក។
បន្ថែមលើនេះ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ៕