(សៀមរាប)៖ នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅសណ្ឋាគារសុខាឡៃអង្គរក្រុងសៀមរាប លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុជន និងកីឡា បានអញ្ជើញជាអធិបតីនៅ ក្នុងកិច្ចប្រជុំលើកទី២១ ទិវាយុវជនអាស៊ាន (The 21th ASEAN Youth Day Meeting) ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពយុវជនអាស៊ាន ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដែលសហការរៀបចំដោយគណៈកម្មការយុវជនអាស៊ាន និងក្រសួងអប់រំ យុវជន និងកីឡា។
នេះជាលើកទី១ហើយ ដែលប្រទេសកម្ពុជាយើងបានរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ពិធីប្រគល់ពានរង្វាន់ ដល់យុវជនឆ្នើមអាស៊ាន។ ពិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅតាមប្រទេសជាសមាជិកអាស៊ាន ក្នុងគោលបំណងជំរុញឲ្យយុវជន នៃបណ្តាប្រទេសអាស៊ាន ចូលរួមបម្រើសង្គមជាតិ ផ្នែកមនុស្សធម៌ដោយស្ម័គ្រចិត្ត។
សម្រាប់កិច្ចប្រជុំលើកទី២១នេះ គណៈកម្មការអាស៊ាន បានសម្រេចប្រគល់ពានរង្វាន់ ដល់យុវជនឆ្នើមអាស៊ានចំនួន២០រូប ដែលបានជ្រើសរើសចេញពីប្រទេសទាំង ១០ ក្នុងសហគមន៍អាស៊ាន ដែលក្នុងនោះ ២រូបមកពីកម្ពុជាគឺ៖
១-លោកឧកញ៉ា នី សម្បត្តិ អគ្គនាយកក្រុមហ៊ុន អៀខូហូលឌីង ទទួលពានរង្វាន់ (ASEAN Youth Award)
២-លោក ហួ តុលា ជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃ ក្រុមការងារ សសយក ផ្នែកវិស័យអប់រំ យុវជន និងកីឡា ទទួលពានរង្វាន់ (ASEAN TAYO Award)។
ឆ្លៀតក្នុងឱកាសនោះលោករដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់យុវជនឆ្នើមទាំងអស់ ដែលត្រូវបានគណៈកម្មការយុវជនអាស៊ាន បានជ្រើសរើសសម្រាំងចេញពីចំណោមយុវជនឆ្នើមដែលបានចូលរួមអភិវឌ្ឍសង្គមជាតិ ជាមួយរដ្ឋាភិបាលរបស់ខ្លួន ហើយតាមរយៈការប្រគល់ពានរង្វាន់លើកនេះ យុវជនដទៃទៀតនៃបណ្តាប្រទេសអាស៊ាន នឹងខិតខំរៀនសូត្រ ធ្វើការដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា ប្រទេសកម្ពុជាដែលបច្ចុប្បន្ន កំពុងតែរីកចម្រើនឥតឈប់ឈរនៅគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឱកាសយ៉ាងច្រើនដល់យុវជន ឲ្យទទួលបានសិក្សារៀនសូត្រ ប្រឡូកការងារក្នុងសង្គម ពិសេសការងារស្ម័គ្រចិត្ត និងមនុស្សធម៌ជួយដល់សង្គមជាតិ៕