(ហ្សាកាតា)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក Mohammad Boroujerdi  ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងឱកាសនោះ  ភាគីទាំងពីរបានពិភាក្សាអំពីតម្រូវការក្នុងការរិះរកកិច្ចសហការបន្ថែមទៀតរវាងអាស៊ាន និងអ៉ីរ៉ង់។ ភាគីទាំងពីរ ក៏ទន្ទឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអ៉ីរ៉ង់ ក្នុងវិស័យដែលជាផលប្រយោជន៍រួម រួមទាំងតាមរយៈក្របខណ្ឌ អាស៊ានជាមួយអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ECO និង អាស៊ានជាមួយអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO។

ដោយឡែកនៅនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ដដែល លោកបណ្ឌិត កៅ គឹមហួន បានអនុញ្ញាតឱ្យលោក Will Nankervis  ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ជួបពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសលោកបញ្ចប់អាណត្តិការទូតនៅអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនស្តីពី ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី រួមទាំង ការត្រៀមរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅពេលខាងមុខ ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានកោះប្រជុំជាមួយមន្ត្រីបុគ្គលិកទាំងអស់ នៃលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំបានពិនិត្យឡើងវិញនូវសមិទ្ធផលរបស់លេខាធិការដ្ឋានអាស៊ាន នាឆ្នាំកន្លងទៅ និងបានផ្តល់ឱកាសឱ្យបុគ្គលិកបានលើកជាសំណួរពាក់ព័ន្ធនឹងសុខុមាលភាពរបស់មន្ត្រី ក៏ដូចជា ការងារអាទិភាពនានារបស់លេខាធិការដ្ឋានអាស៊ាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងបន្ថែមទៀតនូវមុខមាត់របស់អាស៊ាន និងការទូតអាស៊ាន ជាដើម៕