(ប៉ារីស, បារាំង)៖ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Patrick POUYANNÉ នាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ក្រុមហ៊ុនTotalEnergies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge នៅកម្ពុជា ដែលចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន ៥៨ស្ថានីយ៍នៅរាជធានីភ្នំពេញ និងចំនួន ៤៩ផ្សេងទៀតនៅតាមបណ្តាខេត្តទាំង២៤។ ក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុងពិចារណាក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ពិសេស ក្នុងវិស័យថាមពលខ្យល់៕