(ឧត្តរមានជ័យ)៖ លោក មួន សាម៉ន នាយកអនុវិទ្យាល័យ «ត្រពាំងព្រៃ» នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្វើដំណើរមកកាន់ខេត្តឧត្តរមានជ័យ និងបានផ្តល់អគារសិក្សាតាមសាលានានានោះ លោកក៏បានព្យាយាមមកជួបសម្តេចតេជោ ក្នុងបំណងសុំអគារទីចាត់ការមួយខ្នង និងអណ្តូងទឹកនៅក្នុងសាលា។
ខណៈសម្តេចតេជោ ហ៊ុន សែន កំពុងចុះជួបគ្រូ និង សិស្សនៅវិទ្យាល័យអន្លង់វែង លោក មួន សាម៉ន ក៏បានព្យាយាមយកសំណើសុំអគារទីចាត់ការទៅជូន សម្តេចតេជោ តែដោយសារគ្រូ និងសិស្សសំណេះសំណាលជាមួយសម្តេចច្រើនពេក លោក មួន សាម៉ន មិនបានជួបសុំសម្តេចតេជោ ដោយផ្ទាល់នោះឡើយ។ តែទោះជាយ៉ាងណា លោកបានប្រគល់សំណើនេះជូនក្រុមអង្គរក្សសម្តេចតេជោរួចហើយ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បន្ទាប់ពីប្រគល់សំណើជូនសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោក មួន សាម៉ន បានឲ្យដឹងថា វិទ្យាល័យ «ត្រពាំងព្រៃ» ដែលបានបង្កើតឡើងកាលពីអំឡុងឆ្នាំ២០០៥-២០០៦ បច្ចុប្បន្នមិនខ្វះអគារសិក្សានោះទេ ដោយអគារសិក្សា២ខ្នង ១២បន្ទប់ជាអំណោយរបស់សម្តេចតេជោនាពេលកន្លងមក អាចបំពេញតម្រូវការសិក្សារបស់សិស្សបាន។
តែអ្វី ដែលកំពុងខ្វះខាតនោះ គឺអគារទីចាត់ការ និងអណ្តូងទឹក។ នេះបើតាមការបញ្ជាក់របស់លោកនាយកសាលា។
លោក មួន សាម៉ន បានបញ្ជាក់ថា បច្ចុប្បន្នលោកបានយកបន្ទប់សិក្សាមួយបន្ទប់ធ្វើជាកន្លែងប្រជុំផង និងកន្លែងតម្កល់សៀវភៅថែមទៀត ដែលមានសភាពចង្អៀតខ្លាំង។ ក្រៅពីទីចាត់ការលោក មួន សាម៉ន ក៏ចង់បានអណ្តូងទឹកមួយបន្ថែមទៀត ដោយសារអណ្តូងទឹកបច្ចុប្បន្ន ដែលមានជម្រៅប្រមាណ ៥០ម៉ែត្រមិនអាចផ្តល់ទឹកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់នោះទេនៅពេលរដូវប្រាំង។
លោក មួន សាម៉ន បានឲ្យដឹងផងដែរថា អនុវិទ្យាល័យ «ត្រពាំងព្រៃ» ដែលមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីទីរួមស្រុកអន្លង់វែងនោះ មានសិស្សកំពុងសិក្សាប្រមាណ ៣៦២នាក់៕