(ប៉ារីស, បារាំង)៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា Orange Group ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខ របស់បារាំង និងលើពិភពលោក ដែលមានអតិថិជនចំនួន ២៦៦លាននាក់ ទូទាំងពិភពលោក និងមានបុគ្គលិកចំនួន ១៣៦ ០០០នាក់ ដោយប្រតិបត្តិការ នៅក្នុងប្រទេសចំនួន២៦ ក្នុងតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក។ ក្រុមហ៊ុន បានធ្វើការជាមួយប្រតិបត្តិករកម្ពុជាទាំងអស់លើសេវាអន្តរជាតិ (International Service) និងភាពជាដៃគូអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។
ក្រុមហ៊ុន មានកិច្ចសហការជាមួយក្រុមហ៊ុន Royal Group ជាពិសេសក្រុមហ៊ុន CAMGSM (Cellcard) ក្នុងការតភ្ជាប់ជាសំឡេងអន្តរជាតិ SMS, Roaming និង Internet តាមរយៈការផ្តល់សេវាអន្តរជាតិទ្វេភាគី៕