(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនៅប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិន ជា តំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួនគោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ សាធារណរដ្ឋប្រជាមានិតចិន។

គណបក្សប្រជាជនកម្ពុជា ក៏ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយ ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ការប្រកាសជំហររបស់គណបក្សកាន់អំណាចនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពី គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកាន់អំណាចនៅតៃវ៉ាន់សព្វថ្ងៃ បានទទួលការគាំទ្រសម្រាប់ អាណត្តិទី៣ ជាប្រវត្តិសាស្ត្រ ក្នុងការបោះឆ្នោត នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ជាមួយនឹងសំឡេងគាំទ្រច្រើនជាង ៤០ភាគរយ ខណៈដែល លោក Lai Ching-te ត្រូវជាប់មេដឹកនាំបន្ទាប់របស់តៃវ៉ាន់។ សហរដ្ឋអាមេរិក បានផ្ញើសារអបអរសាទរ ដល់លទ្ធផលនៃការបោះឆ្នោតនៅតៃវ៉ាន់ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យរបស់តៃវ៉ាន់នោះទេ។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ម្សិលមិញនេះ បាននិយាយថា ខ្លួនមានការសោកស្ដាយជាខ្លាំង ចំពោះសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកស្ដីពីការបោះឆ្នោតសកលនៅតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្ញើសារអបអរសាទរជ័យជម្នះរបស់លោក Lai Ching-te។

ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យ ប្រទេសចិនទាំងមូលផងដែរ៕