(ត្បូងឃ្មុំ)៖ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់រថយន្ដដឹកលើសទម្ងន់ចំនួន៣គ្រឿង ពិន័យ និងឃាត់ទុក១ឆ្នាំ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ប្រតិបត្តិការនេះបានធ្វើឡើងនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងលោក គឹម សាន់ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារចល័តចម្រុះ និងលោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារចល័តចម្រុះ, លោក សេង សុវណ្ណារុណ អនុប្រធានក្រុមការងារចល័តចម្រុះ, លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន ព្រមទាំងសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ ៣៧៣A គ.ម ០៣+៥០០ ភូមិពពែក ឃុំពពែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក សេង ឈួន បានថ្លែងថា ប្រតិបត្តិការខាងលើនេះ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុប១៤គ្រឿង ដែលរថយន្តដឹកលើសទម្ងន់ចំនួន ៥គ្រឿង បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី០៧-៣៨ តោន។  ក្នុងនោះមានរថយន្ត ៣គ្រឿងបានដឹកលើស២០ភាគរយ នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើ យ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕