(ព្រះវិហារ)៖ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានដំណឹងដល់សាធារណជន ម្ចាស់អាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ្នកប្រើប្រាស់ផ្លូវថ្នល់ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ជាពិសេសម្ចាស់យានយន្ត ធុនធ្ងន់ថា បច្ចុប្បន្នមានយានយន្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមួយចំនួនដូចជា៖ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស (តទ្រុងខាងលើ តរាន ក្រោយរថយ័ន្ត) យានយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេស តភ្លើងបំភ្លឺខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង និងប្រើប្រាស់ឯកសារក្លែងក្លាយ ខ្វះឯកសារផ្សេងៗ បាននឹងកំពុងធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវ ជាតិលេខ៩ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៦៤ និងផ្លូវសំខាន់ៗទៀតក្នុងខេត្តព្រះវិហា។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានបញ្ជាក់ថា អំពើល្មើសច្បាប់ខាងលើក៏ជាកត្តា ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុបណ្តាលឱ្យមានអ្នករបួសធ្ងន់ របួសស្រាល និងស្លាប់ផងដែរ។

ទន្ទឹមនឹងនេះ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រោងនឹងរៀបចំក្រុមការងារចម្រុះដើម្បីចុះធ្វើការត្រួតពិនិត្យយានយន្ត ដែលល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដោយធ្វើការផាកពិន័យអន្តរការណ៍តាមច្បាប់កំណត់ ដែលមានចែងក្នុងអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យ លេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅពេលឆាប់ៗខាងមុខនេះ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់រាល់យានយន្តល្មើសច្បាប់ទាំងអស់នោះ ដើម្បីជាការចូលរួមចំណែកកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យចុះមកនៅកម្រិតទាប ក៏ដូចជាការថែរក្សាទ្រព្យសម្បត្តិ និងអាយុជីវិតផងដែរ។

លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ សូមក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ្នកប្រើប្រាស់ផ្លូវថ្នល់ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ជាពិសេសអ្នកបើកបរយានយន្តធុនធ្ងន់ ត្រូវចូលរួមសហការំគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្របតាមសេចក្តីជូនដំណឹងឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីពេលនេះតទ៕