(រតនគិរី)៖ ប្រជាកសិករនៅខេត្តរតនគិរី កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមីរបស់ខ្លួន ដើម្បីលក់ឱ្យឈ្មួញ ខណៈតម្លៃនៅដើមឆ្នាំ២០២៤នេះ លក់ទីផ្សារប្រទេសវៀតណាម ល្អប្រសើរជាងឆ្នាំមុនៗ។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅភូមិប៉ក់ពោធិ៍ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ កសិករមួយក្រុមប្រមាណ៣០នាក់ ដែលជាម្ចាស់ចំការរៀងៗខ្លួន កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី គឺធ្វើការប្រវ៉ាស់ដៃគ្នា ដោយមិនយកកម្រៃទេ គឺប្រមូលផលរួចរាល់ពីចំការមួយតទៅចំការមួយទៀតវិលជុំ។ ពួកគាត់មមាញឹកក្នុងការគាស់ កាប់ ហាល ច្រកបេដើម្បីយកទុកលក់ឱ្យឈ្មួញ។

ជួបជាមួយកសិករម្នាក់ឈ្មោះ សេវ ឈាន ជនជាតិភាគតិចចារ៉ាយ តំណាងឱ្យប្រជាពលរដ្ឋម្ចាស់ចំការ បានរៀបរាប់ថា ជារៀងរាល់ឆ្នាំពួកគាត់ ក្នុងភូមិជាមួយគ្នាធ្វើការមិនយកកម្រៃទេ គឺជួយគ្នាចាប់ផ្តើមតាំងពីដាំរហូតបានផល ធ្វើប្រវ៉ាស់ដៃគ្នាជាទម្លាប់តាំងពីដូនតាមក។

កសិកររូបនេះ បានបន្តថា បងប្អូនគាត់ម្ចាស់ចំការដំឡូងមី ដែលកំពុងគាស់ កោស ហាលមកធ្វើការជុំគ្នា គឺយកបាយពីផ្ទះមកហូបរៀងៗខ្លួន ហើយផលដំឡូងមីឆ្នាំនេះបានទិន្នផលច្រើនជាងឆ្នាំមុនក្នុង១ហិកតា បានប្រមាណ៧តោន ដំឡូងមីក្រៀម ដោយពួកគាត់មានទឹកមុខសប្បាយរីករាយ។ គាត់ថា ប្រជាកសិករក្នុងភូមិគាត់រក្សាប្រពៃណីតាំងពីដូនតាមកដើម្បីបន្ថយការចំណាយផ្សេងៗ ពោលគឺសល់ប្រាក់ចំណេញខ្លះ ដើម្បីផ្គត់ផ្គង់គ្រួសារមិនធ្វើសំណាកស្រុកទេ។

ម្ចាស់សាយឡូនៅទីរួមស្រុកអូរយ៉ាដាវ (ស្តង់ទិញដំឡូងមីលក់បន្ត) ឈ្មោះ ហន ចយ បានឱ្យដឹងថា ពួកគាត់បានប្រមូលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាមតម្លៃ៤២០រៀល ក្នុង១គីឡូក្រាម ដឹកទៅលក់នៅប្រទេសវៀតណាម បានតម្លៃ៤៦០-៤៦៥រៀលប៉ុន្តែឈ្មួញវៀតណាមកាត់ភាគរយក្នុង១តោន១៥-១៨% ទៅតាមប្រភេទដំឡូងមី (ឫស ដី ឫកាកសំណល់ផ្សេងៗ)។ រីឯដំឡូងមីស្ងួតតម្លៃក្នុង១គីឡូក្រាម ៨៩០រៀល ទីផ្សារនៅប្រទេសវៀតណាម (ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់)។

លោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ផ្ទៃដីដាំដុះដំឡូងមីទូទាំងខេត្តមានចំនួនសរុប ១៨,៣៧០ហិកតា ហើយមកដល់ពេលនេះប្រជាកសិករចាប់ផ្តើមប្រមូលផលប្រហែល៧០ភាគរយ។

លោកបានបន្តថា នៅស្រុកអូរយ៉ាដាវ មានរោងចក្រម្សៅមីជា ទូចដ៏ធំដោយទទួលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម ៤៨០រៀល (កាត់២១% ទៅលើ ឫស ដី កាកសំណល់ផ្សេងៗ)។ ចំណែកឯតម្លៃប្រមូលទិញ ដំឡូងមីក្រៀម៧០០រៀល ក្នុង១គីឡូក្រាម។

លោក សែម រឿន បានលើកឡើងថា ទីផ្សារដែលក្រុមឈ្មួញដឹកទៅលក់នៅប្រទេសវៀតណាម រាល់ថ្ងៃតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី, ច្រកជ័យឃ្លាំង និងច្រកត្រពាំងស្រែ ខេត្តក្រចេះ និងច្រកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕