(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជាមានជម្រើសរកប្រភពថវិកា៣ប្រភេទ ដើម្បីកសាងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ពីទន្លេទៅកាន់សមុទ្រ ដើម្បីបម្រើផលប្រយោជន៍ ហើយឈប់ខ្ចីដង្ហើមគេដកតទៅទៀត ខណៈដែលការដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់សមុទ្រកន្លងទៅ ត្រូវឆ្លងកាត់ប្រទេសវៀតណាម។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់បែបនេះ នៅក្នុងកម្មវិធីពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ លើប្រធានបទ «តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់សេដ្ឋកិច្ច និងនយោបាយ ជាមួយគម្រោងព្រែកជីកហ្វូណនតេជោ?»

ប្រភពថវិកា៣ប្រភេទ សម្រាប់ការសាងសង់ព្រែកជីកហ្វូណនតេជោ ត្រូវបាន លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា អាចធ្វើឡើងតាមរយៈ BOT (Build, Operate and Transfer) ដែលមានន័យថា ឲ្យវិស័យឯកជនវិនិយោគសាងសង់ ហើយធ្វើប្រតិបត្តិការក្នុងរយៈពេលណាមួយ រួចហើយប្រគល់ជូនរដ្ឋាភិបាលក៏បាន, អាចធ្វើតាមរយៈការកៀរគរថវិកាពីប្រជាពលរដ្ឋតាមគោលការណ៍ស្ម័គ្រចិត្ត និងសាមគ្គភាពក៏បាន និងមួយទៀត ក៏អាចខ្ចីថវិកាបរទេសបានដែរ ដើម្បីយកមកបម្រើផលប្រយោជន៍ជាតិ។

ទោះជាយ៉ាងនេះក្តី នេះគ្រាន់តែជាអនុសាសន៍ប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា កាលពីខែតុលា ឆ្នាំ២០២៣ បានចុះកិច្ច​ព្រម​ព្រៀង​អនុញ្ញាតឱ្យ ក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) សិក្សាលម្អិតបន្ថែមលើគម្រោងមួយនេះ មុនឈានដល់ការចរចា​ឈានទៅចុះកិច្ច​ព្រម​ព្រៀងសាងសង់ ដែលធ្វើឡើងតាមរយៈ BOT៕