(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ទៅភាគីវៀតណាម ឱ្យចេះអាណិតខ្មែរ ហើយឈប់ព្រួយបារម្ភជាមួយនឹងគម្រោងព្រែកជីកហ្វូណនតេជោ តទៅទៀត។ លោកបានបញ្ជាក់ថា គម្រោងព្រែកជីកនេះ គ្មានប៉ះពាល់ដល់វៀតណាម ឬបរិស្ថាន ដូចការលើកឡើងរបស់វៀតណាមទាល់តែសោះ។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់បែបនេះ នៅក្នុងកម្មវិធីពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ លើប្រធានបទ «តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់សេដ្ឋកិច្ច និងនយោបាយ ជាមួយគម្រោងព្រែកជីកហ្វូណនតេជោ?»

នៅក្នុងកិច្ចពិភាក្សានេះ លោកបណ្ឌិត សុខ ទូច វៀតណាម បានលើកឡើងថា វៀតណាមមិនដែលប្រាប់កម្ពុជាទេ នៅពេលដែលខ្លួនជីកព្រែក ហើយឡាវ ក៏មិនដែលសុំការអនុញ្ញាតពីកម្ពុជាដែរ នៅពេលដែលពួកគេធ្វើវារីអគ្គិសនីបម្រើផលប្រយោជន៍ជាតិរបស់គេ។

«កុំកង្វល់ អាណិតខ្មែរ ខ្មែរធ្វើនេះមិនបានប៉ះពាល់ដល់អ្នកឯង(វៀតណាម)ទេ ហើយក៏អត់មានប៉ះពាល់ដល់បរិស្ថានដែរ​ ខ្មែរធ្វើ (ព្រែកជីក) នៅលើទឹកដីខ្មែរ ហើយមិនមែននៅលើទន្លេមេគង្គទេ គឺដៃទន្លេមេគង្គ អញ្ចឹងខ្មែរគ្រាន់តែជូនដំណឹង ខ្មែរអាចធ្វើបាន»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកបណ្ឌិត សុខ ទូច។

លោកបានបន្ថែមថា ខ្មែរមិនបានបែងចែកទឹក នៃទន្លេមេគង្គទេ ខ្មែរគ្រាន់តែជីកព្រែកមួយ ជាប់នឹងដៃទន្លេមេគង្គ ហើយដែលផ្លូវទឹកនេះខ្មែរធ្លាប់មានហើយ ប៉ុន្តដោយសារតែនីវ៉ូទឹកមានការប្រែប្រួលប៉ុណ្ណោះ។

បើតាម ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, មូលហេតុដែលវៀតណាមបង្ហាញកង្វល់ ពាក់ព័ន្ធនឹងការជីកព្រែកហ្វូណនតេជោ អាចដោយសារតែកន្លងទៅ វៀតណាមធ្លាប់យកចំណេញពីកម្ពុជា ពីការដឹកទំនិញចេញតាមផ្លូវទឹកទៅកាន់សមុទ្រ ព្រោះត្រូវបង់លុយឱ្យវៀតណាម។ ចំណុចមួយទៀត គឺវៀតណាមអាចលែងដឹងពីកម្លាំងដឹកជញ្ជូនកម្ពុជា ហើយកម្ពុជាអាចប្រកួតប្រជែងជាមួយវៀតណាមលើផលិតផលកសិកម្មនៅទីផ្សារបរទេសផងដែរ៕

សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត សុខ ទូច៖