(សៀមរាប)៖ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី រៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ថ្នាក់ខេត្តសៀមរាប នៅសណ្ឋាគារ អេមព្រឹសអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក លោកស្រី នៃអគ្គនាយកដ្ឋាន តំណាងអង្គការដៃគូ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ មកពីបណ្តាក្រុង ស្រុកគោលដៅទាំង៩ ប្រមាណជា ២០០នាក់ចូលរួមផងដែរ។

ក្នុងកិច្ចស្វាគមន៍របស់លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបញ្ជាក់គោលបំណងនៃអង្គសិក្ខាសាលានេះដើម្បីត្រួតពិនិត្យមើលពីស្ថានភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្ត និងបង្ហាញពីនីតិវិធីសំខាន់ៗក្នុងការវាយតម្លៃ ODF ការរៀបចំផែនការសកម្មភាព និងស្វែងរកការគាំទ្រនានាពីគ្រប់ដៃគូពាក់ព័ន្ធ ឈានទៅសម្រេចបាន ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅដំណាច់ឆ្នាំ២០២៤ និងលទ្ធផលរំពឹងទុកផងដែរ។

ក្នុងអង្គពិភាក្សារួមនេះដែរ បណ្តាតាមក្រុង ស្រុក ឃុំ សង្កាត់ ក៏បានលើកឡើងអំពីបញ្ហាប្រឈម ដែលធ្វើឲ្យការអនុវត្តមិនបានសម្រេចទៅតាមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ឆ្នាំ២០២៥។ ដោយបានផ្តោតចំពោះបញ្ហាអាជ្ញាធរជាតិអប្សរា មិនបានអនុញ្ញាតឲ្យធ្វើការសាងសង់បង្គន់ ដែលជាលក្ខណៈបង្កនូវការរាំងស្ទះផែនការរបស់រាជរដ្ឋាភិបាល ព្រមទាំងតម្លៃនៃការសាងសង់ ដែលប៉ះពាល់ដល់ក្រុមគ្រួសារក្រ១,ក្រ២ និងទៅតាមភូមិសាស្ត្រទៀតផង។

នាឱកាសនោះលោក អ៉ឹង គឹមលាង បាន​លើកឡើងថា ទស្សនៈវិស័យនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល បានអនុម័តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ សម្រាប់ឆ្នាំ ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋនៅតាមជនបទទទួលបានសេវាទឹកស្អាត និងអនាម័យ១០០% នៅឆ្នាំ២០២៥ ផែនការនេះនឹងរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ជាពិសេសគោលដៅទី៦ ដែលបានចែងថា «ធានាការផ្គត់ផ្គង់ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវទឹកស្អាត និងអនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប» ក៏ដូចជាគោលដៅដែលទាក់ទងនឹងការអប់រំ សុខភាព សមភាពយេនឌ័រ និងការប្រែប្រួលអាកាសធាតុ។

លោក អ៉ឹង គឹមលាង បានលើកឡើងថា រដ្ឋបាលខេត្តបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជម្រុញការអភិវឌ្ឍនានានៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររនៅក្នុងប្រទេសកម្ពុជា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះដែរការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋ និយាយជារួមគឺការសម្រចឲ្យបាននូវទស្សនៈវិស័យ «នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព»

លោក អ៉ឹង គឹមលាង បានបន្តថា ១០ឆ្នាំមុន ក្នុងឆ្នាំ២០១៣ ខេត្តសៀមរាប អត្រាគ្របដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិត ៣៦.៣០% ហើយក្នុងនោះដែរខេត្តសៀមរាប ពុំមានភូមិ ឃុំឬស្រុកណាមួយក្នុងខេត្ត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ ក៏ប៉ុន្តែ១០ឆ្នាំក្រោយ គឺនៅឆ្នាំ២០២៣ អត្រាគ្របដណ្តប់អនាម័យមាន ៩៣.៧៣ % ក្នុងនោះដែរ ខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ២១៣ពាន់១២០បង្គន់ ខ្នងផ្ទះបានប្រើប្រាស់បង្គន់រួមមានចំនួន ៨៧ពាន់៨៩ ខ្នងផ្ទះ និងខ្នងផ្ទះគ្មានបង្គន់ប្រើប្រាស់សរុបមានចំនួន ១៤ពាន់៨៣៥ ខ្នងផ្ទះ។

ដោយឡែក ភូមិដែលបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាល(ODF) មានចំនួន៤០៦ ភូមិ ហើយឃុំដែលបញ្ឈប់ការបន្ទោរបង់ពាស់វាលពាសកាលចំនួ៣២ឃុំ ជាពិសេស ស្រុកដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន០៣ស្រុក គឺស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកបន្ទាយស្រី។ ចំពោះភូមិមិនទាន់បានODF មានចំនួន៥៣៦ភូមិ និងឃុំមិនទាន់បានODF មាន៦៨ឃុំ និងស្រុកចំនួន៩មិនទាន់បានODFផង​ដែរ។

លោកបន្តទៀតថា ការរៀបចំផែនការសកម្មភាពនេះឡើង ដើម្បីសម្រេចឲ្យបានខេត្តសៀមរាប ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល រដ្ឋបាលខេត្តក៏បានលើកទឹកចិត្តឲ្យលោកអភិបាលក្រុង ស្រុក ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ក៏ដូចជាសកម្មភាពរបស់ខ្លួន ដើម្បីឲ្យក្រុង ស្រុករបស់នីមួយៗសម្រេចការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល តាមផែនការកំណត់ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយជំរុញពួកគាត់ធ្វើកិច្ចសន្យា ក្នុងការសាងសង់បង្គន់ និងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។ លោកក៏បានជម្រុញដល់អាជ្ញាធរស្រុក ឃុំសង្កាត់ រួមគ្នាអនុវត្តផែនការនេះ ឲ្យបានសម្រេចបានមុនឆ្នាំ២០២៥ ដើមី្បឆ្ពោះទៅដណ្តើមជ័យលាភីនៅថ្នាក់ជាតិ។ ក្នុងនោះដែរ លោកក៏សូមឲ្យអាជ្ញាធរឃុំសង្កាត់ ដែលជួបបញ្ហាប្រឈម ដើមី្បយករាល់បញ្ហាប្រឈមទាំងនោះដាក់ជូនទៅរដ្ឋបាលខេត្ត ធ្វើការប្រជុំដោះស្រាយជូនផងដែរ៕