(ភ្នំពេញ)៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ហុក ពៅ ជាប្រធាន លោក កី ម៉ានេរ៉ា និងលោក ស សំណាង ជាចៅក្រមប្រឹក្សា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានបើកសវនាការប្រកាស សាលក្រមលើសំណុំរឿងករណីជួញដូរគ្រឿង១ករណី ដោយសម្រេចដាក់ពន្ធនាគារជនជាប់ចោទ២នាក់ ដោយម្នាក់ជាប់មួយជីវិត និងម្នាក់ទៀតជាប់៣០ឆ្នាំ ខណៈម្នាក់ទៀតរួចផុតពីការចោទប្រកាន់។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ បានឲ្យដឹងថា ជនជាប់ចោទទី១ ឈ្មោះ ចម តារារឿន ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣០ឆ្នាំ ពិន័យ៥០លានរៀល, ទី២ឈ្មោះ ពៅ សាលី ដាក់ពន្ធនាគារអស់មួយជីវិត និងទី៣ឈ្មោះ ឃិត សាវ៉ាត ចៅក្រមសម្រេចឱ្យរួចផុតពីបទចោទប្រកាន់។

សូមរំលឹកថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន២ករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់ រឹបអូសថ្នាំញៀនជិត៤គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំ ផ្ទាល់របស់ឧត្ដមសេនីយ៍ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកឧត្តមសេនីយ៍ទោ ហៀប ដារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាប២ករណី រួមមាន៖
*ករណីទី១៖ បង្ក្រាបនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១៖៣០នាទី ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងរាជធានីភ្នំពេញ នៅចំណុច មុខផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ឈ្មោះ ចម តារារឿន ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩៩, ឈ្មោះ ពៅ សាលី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ១៩៩៣ និងទី៣ ឈ្មោះ ឃិន សារ៉ាត ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៧៣ ចាប់បានវត្ថុតាងមេតំហ្វេតាមីន (ICE) ១,៩៧៥.២៤ក្រាម។

ក្រោយការឃាតើខ្លួនជនសង្ស័យ វត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕